គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ឧកញ៉ា សុខ ប៊ុន ចេញពីគុកភ្លាមប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅស្រុករលាប្អៀរ សម្តេចហ៊ុនសែន ជួយមើលផង?
0

ឧកញ៉ា សុខ ប៊ុន ចេញពីគុកភ្លាមប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅស្រុករលាប្អៀរ សម្តេចហ៊ុនសែន ជួយមើលផង?

ខេត្តកំពង់ឆ្នាំង៖ ប្រភពពីពលរដ្ឋនៅភូមិកោះកែវនិងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់ករណី ឈ្មួញមានលុយទន្ទ្រានកាន់កាប់ដីតំបន់ អភិរក្សពូជត្រី ក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់ផង។

ប្រភពបានឲ្យដឹងថា ឧកញ៉ា សុខ ប៊ុន ដែលទើបចេញពីគុកព្រៃសរ ពាក់ព័ន្ធការប្រើអំពើហិង្សា លើស្រ្តីម្នាក់នោះ កំពុងទន្ទ្រានព័ទ្ធយកដីតំបន់អភិរក្សពូជត្រីធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ពីព្រោះតំបន់នោះកន្លងមកមិនដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះពាល់ឡើយ។

ប្រជាពលរដ្ឋក្នុងភូមិ កោះកែវ បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់ ខាងលើ ជាកន្លែងអភិរក្ស មេពូជត្រីនៅរដូវ វស្សា ប៉ុន្តែតែមួយរយៈពេលកន្លងទៅនេះ ឧកញ៉ា សុខ ប៊ុន បាន ឈួសឆាយទន្ទ្រានកាប់កាប់ តាមអំពើចិត្តហើយ អាជ្ញាធរឃុំស្វាយជ្រំ និងអាជ្ញាធរស្រុករលាប្អៀរ  មិនទប់ស្កាត់ឡើយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីព្រៃលិចទឹកនោះ តាំងពីដើមរហូតមក មិនដែលមានអ្នកភូមិណាហ៊ានកាប់ទន្ទ្រានឡើយ ព្រោះអ្នកភូមិតែងតែអាស្រ័យផលនៅក្នុង រដូវទឹកស្រកដូច ជានេសាទ ត្រីនិង ដាំ ឈូកជាដើម ។ ប៉ុន្តែឥឡូវនេះឧកញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់យ៉ាងកំរោលក្នុងខណៈដែលមន្ត្រី អាជ្ញាធរឃុំនិងអាជ្ញាធរស្រុករក្សាភាពស្ងប់ស្ងាត់ធ្វើជាមិនដឹងរឿង។

ក្រោយពេលឧកញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅក្នុង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម គឺរហូតមកដល់ពេលនេះមិនទាន់ត្រូវបាន អាជ្ញាធរស្រុករលាប្អៀរ ក៏ដូចជាមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់នៅឡើយទេ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាព ស្ងៀមស្ងាត់ ក្នុងខណៈដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រានកាន់កាប់ដីព្រៃលិច ទឹកក្នុងតំបន់ហាមឃាត់រាប់ពាន់ហិកតារួចជា ស្រេច។ ទង្វើរបស់ ឧកញ៉ា សុខ ប៊ុន គឺជាការបំផ្លាញតំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយព្រោះមានការ ឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរពុករលួយផងដែរ គឺមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបបណ្តោយឲ្យឧកញ៉ា សុខ ប៊ុន ធ្វើអ្វីៗតាមអំពើចិត្ត។

ចំណែកមន្ត្រីអាជ្ញាធរតូចតាចក្នុងឃុំស្វាយជ្រុំ បានឲ្យដឹងថាដីដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រាន កាន់កាប់គឺជាដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ដោយ ឧកញ៉ា សុខ ប៊ុន បានប្រើមេការអោយរៀបចំឯកសារធ្វើជាទិញដីពីប្រជាពលរដ្ឋក្នុងភូមិ។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សុខ ប៊ុន បានប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយខ្វៀលដីព្រៃលិចទឹកនៅតំបន់បឹង៤មុំ ហ៊ុមព័ទ្ធជាកម្មសិទ្ធប្រមាណ២០០០ហិកតា ហើយថែមទាំងព្រមានចាប់ប្រជាពលរដ្ឋដាក់គុកទៀតផង នៅពេល ប្រជាពលរដ្ឋតវ៉ា។ សូម្បីតែលោក យី ភួន មេឃុំស្វាយជ្រំ ក៏អះអាងពីរឿង ឧកញ៉ា សុខ ប៊ុន ប្រើអំណាច ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដោយមានភាពមិនប្រក្រតីផងដែរ។ ដូច្នេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គួរចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ ៕

IMG_0315

IMG_4915

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com