ខេត្តក្រចេះ ៖ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសសម្ងំស្ងាត់ឈឹង។ ដូច្នេះហើយទើបមជ្ឈដ្ឋានខ្លះសង្ស័យថា អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជាប្រភពចំណូលរបស់លោក សេង ឈួន ផងដែរទើបលោក សេង ឈួន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ផងដែរ។ ប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក សាំង ប៊ុនថេន ទេនោះគឺលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដូចសព្វថ្ងៃនេះឡើយ។ បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជារឿងមិនអាចបិទបាំងបានឡើយ។
តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយ២ម៉ឺនរៀលមិនអាចតវ៉ាបានទេ។ ចំណែករថយន្តដែលផ្ទុកលើសទម្ងន់ចាប់ពីមួយតោនដល់៥តោនត្រូវបង់លុយក្នុងមួយគ្រឿងចាប់ពី៣ម៉ឺនរៀលឡើងទៅតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួក។ ជាងនេះទៅទៀតលោក នូ សុវណ្ណា ឃុបឃិតឲ្យឈ្មួញប្រើប្រាស់រថយន្តធុនធំផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ដោយមិនបាច់ចូលថ្លឹងឡើយឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះអំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជារឿងមិនអាចបិទបាំងបានឡើយ៕