ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន នៅតែប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការសម្របសម្រួលពីមន្ត្រីគយធំៗមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ ដូច្នេះហើយទើបនៅច្រកទ្វារតំបន់បឹងត្រកួននិងច្រករបៀងក្បែរៗនោះមានឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ទំនិញបង់ពន្ធមិនគ្រប់និងម៉ូតូអត់ពន្ធយ៉ាងអនាធិបតេយ្យ ព្រោះជាប្រភពចំណូលរបស់លោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន និងបក្ខពួក។
ប្រភពស្និទ្ធនឹងលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទើបលោក ញឹក ប៊ុនលេខ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគ្មានញញើតអ្វីឡើយ។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារតំបន់បឹងប្រកួនយ៉ាងរលូន ហើយដឹកជញ្ជូនឆ្លងការផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ យ៉ាងរាលដាលព្រោះមានការឃុបឃិតពីមន្ត្រីគយចល័តនៅតាមផ្លូវផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
បើតាមការអះអាងរបស់មន្ត្រីនៅច្រក់ទ្វារតំបន់បឹងត្រកួន មួយចំនួនបានឲ្យដឹងថាឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ និងម៉ូតូអត់ពន្ធសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាងនេះទៅទៀតកន្លងមកលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន ឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួននាំចូលជ្រូកលើសចំនួនកំណត់ក្នុងច្បាប់អនុញ្ញាតពីទឹកដីសៀម ចូលទឹកដីខ្មែរយ៉ាងសុខស្រួលឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន នៅតែសាងភាពល្បីល្បាញខាងពុករលួយយ៉ាងគឃ្លើន៕