មន្រ្តីគយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ករណីលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តតំបន់៣ ទទួលបន្ទុក៥ខេត្តគឺដោយសារមានខ្នងបង្អែករឹងមាំ ហើយចំណាយដើមទុនអស់យ៉ាងច្រើនផងដែរ។ ដូច្នេះហើយទើបលោក នុត លីឆូយ មេគយចល័តតំបន់៣ ប្រើតួនាទីនិងអំណាចប្រមូលលុយតាមច្រើនរូបភាពដើម្បីស្រង់ដើមនិងទប់តំណែងរបស់ខ្លួនឲ្យបានយូរអង្វែង។ ទោះជាយ៉ាងណារឿងអាស្រូវពុករលួយរបស់លោក នុត លីឆូយ មេគយចល័តតំបន់៣ ជារឿងមិនអាចបិទបាំងបានទេព្រោះឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញចេញពីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពត ចូលមករាជធានីភ្នំពេញ បានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
ប្រភពពីមន្រ្តីគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងតំណែងជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តតំបន់៣ ត្រឹមមួយរយៈពេលខ្លីគឺលោក នុត លីឆូយ សាងភាពល្បីល្បាញយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា លោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប កំពុងប្រើអំណាចនិងតួនាទីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ ចំណែកលោក គុណ ញឹម អគ្គនាយកគយ ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បែរជាសម្ងំស្ងាត់ឈឹងទុកឲ្យលោក នុត លីឆូយ មេគយចល័តតំបន់៣ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងលោក នុត លីឆូយ មេគយចល័តតំបន់៣ បានឲ្យដឹងថា ដោយសារចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តតំបន់៣ ទទួលបន្ទុក៥ខេត្តទើបលោក នុត លីឆូយ ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។ ប្រភពបានលើកឡើងទៀតថា ការដែលលោក នុត លីឆុយ ចំណាយដើមទុនអស់ច្រើនយ៉ាងណានោះគឺមានតែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទេដែលជាអ្នកដឹងច្បាស់ជាងគេ។ ទន្ទឹមនឹងនេះការដែលលោក នុត លីឆូយ មេគយចល័តតំបន់៣ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយ ជាបង្អែកដ៏រឹងមាំចាំជួយការពារ។ (ដោយខ្មែរអនឡាញ)