0

នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទ

ខេត្តកំពង់ធំ៖ ប្រភពពីប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រភព​ដដែលនេះបាន​ឲ្យ​ដឹង​ទៀតថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង កំពុង​ប្រើ​តួនាទី​ និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​។ ការដែល​លោក ហួន ផល និង​លោក ហុក ម៉ន់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។

តាមសេចក្តីរាយការណ៏ពីប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ទៀតថា មាន​ជនជាតិ​វៀតណាម​២​នាក់​ឈ្មោះ ហេង និង​ឈ្មោះ ខេង ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​រុញ​ស៊ី​ប​នៅខាងមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង​តែម្តង ហើយ​មិនឃើញ​លោក ហួន ផល និង​លោក ហុក ម៉ន់ ចាត់វិធានការ​បង្ក្រាប​ឡើយ​។

តាមប្រភព​ខ្លះទៀត​បាន​ឲ្យ​ដឹងថា ដោយសារ​ជនជាតិ​វៀតណាមទាំង២នាក់​បង់លុយ​ឲ្យ​លោក ហួន ផល និង​លោក ហុក ម៉ន់ តាម​ការកំណត់​ទើប​ពួកគេ​អាច​ប្រើ​ឧបករណ៍​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុក​បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ធ្វើការ​ព្រមាន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​យ៉ាងណាក៏ដោយ​។

កន្លងមក​ប្រជាពលរដ្ឋ​រិះគន់ថា​ការបង្ក្រាប​បទល្មើស​នេសាទ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​គេ​បង្ក្រាប​តែ​បទល្មើស​តូចតាច​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​រាលដាល​ដដែល​៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com