គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ឈ្មួញឈ្មោះ ធី បាញ់ នៅតែបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីខេត្តក្រចេះយ៉ាង ពេញបន្ទុក
0

ឈ្មួញឈ្មោះ ធី បាញ់ នៅតែបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីខេត្តក្រចេះយ៉ាង ពេញបន្ទុក

ខេត្តក្រចេះ៖ ប្រភពពីមន្ត្រីសមត្ថកិច្ចតូចតាចនិងប្រជាពលរដ្ឋនៅខេត្តក្រចេះ បានឲ្យដឹងថាមន្ត្រី យោធាឈ្មោះ ថន ប៊ុនធី ហៅ ធីបាញ់ ដែលជាឈ្មួញល្បីខាងដឹកជញ្ជូនឈើទៅស្រុកយួន នោះ បច្ចុប្បន្ននៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុក ដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏ដូចជាលោក ឆេង គឹមស៊ុន អគ្គនា យករដ្ឋបាលព្រៃឈើបានដឹងយ៉ាងច្បាស់ពីសកម្មភាពរបស់ ឈ្មួញឈ្មោះ ធីបាញ់ ប៉ុន្តែប្រ ហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនចាត់វិធានការបង្ក្រាបឈ្មួញរូបនេះតាម​តួនាទីរបស់ខ្លួន។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគួរពិនិត្យឡើង វិញចំពោះភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តក្រចេះជាបន្ទាន់ ព្រោះបទល្មើសព្រៃ ឈើក្នុងខេត្តនេះនៅតែបន្តកើតឡើងយ៉ាង​រាលដាល។

សមត្ថកិច្ចតូចតាចក្នុងខេត្តក្រចេះ បានឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះ ឈ្មួញឈ្មោះ ថន ប៊ុនធី ហៅ ធីបាញ់ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ១ តាមរថយន្តយីឌុបធំៗ និងរថយន្តសាំយ៉ុងជាច្រើនគ្រឿងពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ ហើយយកទៅលក់នៅស្រុកយួនតាមច្រកព្រំដែន ក្នុងស្រុកមេមត់ ខេត្ត ត្បូងឃ្មុំយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ធីបាញ់ ភាគច្រើនដឹកជញ្ជូនឈើ នៅពេលយប់ ដោយមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រសិនបើគ្មានការ ឃុប​ឃិត​ពីមន្ត្រីរដ្ឋបាលព្រៃឈើព្រៃឈើខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តទាំង​៣​នេះទេ គឺឈ្មួញ ធីបាញ់ មិនអាចដឹកឈើទៅដល់គោលដៅបានឡើយ ហើយអាចប្រឈមនឹងការបង្រ្កាបជាមិនខាន។

តាមសេចក្តីរាយការណ៍ពីឈ្មួញតូចតាចមួយចំនួនបានឲ្យដឹងដែរថា រយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ឈ្មួញឈ្មោះ ធីបាញ់ ដែលជាមន្ត្រីយោធាសម្រុកដឹកឈើសុក្រំ និងឈើ ប្រភេទលេខ១ផ្សេងៗទៀតចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដោយពុំមានមន្ត្រីជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ លោក ទ្រី សុភ័ក្ត្រ មេរដ្ឋបាលព្រៃ ឈើខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតហាក់ដូចជាមានការយោគយល់ច្រើនជាមួយ ឈ្មួញឈ្មោះ ថន ប៊ុនធី ហៅ ធីបាញ់ ប្រហែលពួកគេជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិន ចាត់វិធានការបង្ក្រាប។ ធីបាញ់ និងប៉ាអ៊ូខុង ដែលសុទ្ធតែជារហស្សនាម ជើងខ្លាំងស្បែកខ្លា នៅវរៈព្រំដែនលេខ ២០៤ ត្រូវបានគេរិះ គន់ដោយត្រង់ៗថា កំពុងតែរកស៊ី ដឹកឈើល្មើសច្បាប់យ៉ាងពេញទំហឹង ហើយសូម្បីតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ  ក៏មិនហ៊ានក្អកជាមួយ ធី បាញ់ និងប៉ាអ៊ូខុងដែរ ។

ប្រភពព័ត៌មានពីខេត្តក្រចេះបានឱ្យដឹងទៀតថា ផ្លូវជាតិលេខ ៧A ក្នុងទឹកដី ខេត្តក្រចេះ ចាប់ពីចំណុចស្រែស្បូវទៅ ដល់ស្រុកស្នួល ត្រូវគេមើលឃើញជា រៀង រាល់យប់មានរថយន្តដឹកឈើប្រណីតគ្រប់ប្រភេទធ្វើចរាចរយ៉ាងគគ្រឹក គគ្រេងបំផុត ។

ប្រភពព័ត៌មានដដែលបានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនឈើប្រណីតទាំងនោះគឺក្នុងមួយយប់ៗមិនក្រោមពី ១០០ ទៅ ១៥០ រថយន្ត ឡើយ ។ហើយគេក៏មិនដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឈ្មោះ សូយ សារិទ្ធ និងឈ្មោះប្រាក់ សំបូរ ចេញមុខចាត់ការទៅលើរថយន្តដឹកឈើប្រណីតល្មើសច្បាប់ទាំងអស់នេះម្តងណាដែរ ។សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា នៅវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិរំលេច ឃុំ ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះមានរថយន្តដឹកឈើប្រមាណជា ១០គ្រឿង ដែលគេស្គាល់ ច្បាស់ថា ជារថយន្តរបស់ថៅកែម្នាក់ឈ្មោះ ឈឿន ហៅប៉ាអ៊ូខុង  និងថៅកែម្នាក់ទៀតឈ្មោះ ធី ហៅធីបាញ់ដែលអ្នកទាំងពីរនេះ ជាមន្ត្រីយោធាមានបុណ្យ ស័ក្តិ ធំនៅវរៈព្រំដែនលេខ ២០៤ ។

ក្រុមអ្នកតាមដានបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានរិះគន់ថារថយន្តដឹកឈើល្មើសច្បាប់ ដែល អាងខ្នងអាងស្បែកខ្លា តែងតែបង្កគ្រោះថ្នាក់ចរាចរជាញឹកញាប់ ហើយថែមទាំងពុំមានការទទួលខុសត្រូវទៀតផង ។ ប្រសិនបើលោក សូយ សារិទ្ធ និងប្រាក់សំបូរ មិនឃុបឃិតជាមួយឈ្មោះ ឈឿនហៅប៉ាអ៊ូខុង និងឈ្មោះ ធី ហៅធីបាញ់ ក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទេនោះ គួរតែចាត់វិធានការចំពោះបទល្មើសនេះជាបន្ទាន់ ហើយ ៕

ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មពិនិត្យមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះខ្លះផង ដោយមិនគួរជឿតាម របាយការណ៍ភូតភររបស់មន្ត្រីថា្នក់ក្រោមនោះទេ ជាក់ស្តែងឈ្មួញឈ្មោះ ធីបាញ់ នៅតែបន្ត សកម្មភាពដឹកឈើយ៉ាងពេញបន្ទុកដដែល៕

23517674_1979944375606261_7738002978417478148_n ធីបាញ់៤ ធីបាញ់៥ ធីបាញ់៤

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com