ភ្នំពេញ, ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានឲ្យដឹងថា លោក វ៉ា សុធា ដែលជាប្រធានមន្ទីរនេះ កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំជួយដោះស្រាយគ្រប់ពេលវេលា។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកជាបន្ទាន់ ជាពិសេសទាក់ទងទៅនឹងការកាត់ភាគរយពីប្រាក់ចំណាយសម្រាប់មន្ទីរអង្គភាពនានាចំណុះសាលារាជធានីភ្នំពេញ។
ប្រភពដែលស្និទ្ធនឹងលោក វ៉ា សុធា បានឲ្យដឹងថា រាល់គម្រោងចំណាយសម្រាប់មន្ទីរអង្គភាពនានាចំណុះសាលារាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទោះបីទំហំទឹកប្រាក់ទឹកឬច្រើនក៏ដោយ គឺត្រូវកាត់ភាគរយឲ្យលោក វ៉ា សុធា និងបក្ខពួកតាមការកំណត់ទើបគេអាចបើកយកសាច់ប្រាក់ទៅចំណាយបានទាន់ពេលវេលា។ ប្រសិនបើមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពនានា មិនកាត់ភាគរយនៃគម្រោងចំណាយទេនោះ គឺលោក វ៉ា សុធា ព្រមទាំងបក្ខពួកបង្កការលំបាកសព្វបែបយ៉ាងជាមិនខាន។ មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលជំនាន់លោក ប៉ា សុជាតិវង្ស នៅធ្វើជាអភិបាលរាជធានីភ្នំពេញ ក៏បណ្ដោយឲ្យលោក វ៉ា សុធា ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ហើយដល់រជ្ជកាលលោក ឃួង ស្រេង ធ្វើជាអភិបាលរាជធានីភ្នំពេញ ក៏ទុកឲ្យលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះលោក វ៉ា សុធា ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងរក្សាភាពស្ងៀមស្ងាត់។ ទន្ទឹមនឹងនេះសូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក វ៉ា សុធា និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកជាបន្ទាន់។ ដោយហេតុថាច្រើនឆ្នាំមកនេះលោក វ៉ា សុធា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបង្កការលំបាកសព្វបែបយ៉ាងដល់មន្ទីរ អង្គភាពជុំវិញសាលារាធានីភ្នំពេញ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ហើយពួកគេប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងងងើល៕