l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » សមត្ថកិច្ចខេត្តឧត្ដរមានជ័យ បណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាលនៅចំណតរថយន្តអូរស្មាច់
0

សមត្ថកិច្ចខេត្តឧត្ដរមានជ័យ បណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាលនៅចំណតរថយន្តអូរស្មាច់

ខេត្តឧត្តរមានជ័យ. ប្រជាពលរដ្ឋនៅភូមិអូរស្មាច់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាបច្ចុប្បន្នឈ្មោះ កុក ទៀង បានបើកលេងល្បែងស៊ីសងច្រើនប្រភេទនៅក្នុងចំណតរថយន្តអូរស្មាច់ ដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់ឡើយ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដោយមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ប្រជាពលរដ្ឋក្នុងភូមិអូរស្មាច់ បានឲ្យដឹងថា កន្លងមកល្បែងស៊ីសងនៅក្នុងចំណតរថយន្តអូរស្មាច់ ត្រូវបានផ្អាកមួយរយៈប៉ុន្តែថ្មីៗនេះឈ្មោះ កុក ទៀង បានមកបើកល្បែងបញ្ជល់មាន់ យូគី បៀអាប៉ោង យ៉ាងរលូនដូចមុនដដែល។

ប្រភពពីអ្នកធ្លាប់ចូលលេងល្បែងស៊ីសងក្នុងចំណតរថយន្តអូរស្មាច់ បានឲ្យដឹងថាឈ្មោះ កុក ទៀង បើកល្បែងស៊ីសងក្រោមស្លាកកាស៊ីណូ ហើយបច្ចុប្បន្នល្បែងបញ្ជល់មាន់ យូគី បៀ អាប៉ោង កំពុងដំណើរការយ៉ាងរលូនព្រោះមានការឃុបឃិតពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងក្រុមសមត្ថកិច្ចពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកលេងល្បែងក្នុងខេត្តឧត្ដរមានជ័យ និងមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ជួបជុំគ្នាលេងល្បែងស៊ីសងក្នុងទីតាំងចំណតរថយន្តអូរស្មាច់ យ៉ាងពពាក់ពពូនហើយអ្នកខ្លះចាញ់អស់លុយកាក់ ម៉ូតូ និងរថយន្តជាបន្តបន្ទាប់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការបង្ក្រាបជាបន្ទាន់ដើម្បីកុំឲ្យឈ្មោះ កុក ទៀង បើកល្បែងស៊ីសងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត។

ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថាឈ្មោះ កុក ទៀង មានខ្នងបង្អែករឹងមាំជាមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តឧត្ដរមានជ័យ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ មិនហ៊ានប៉ះពាល់មេល្បែងស៊ីសងម្នាក់នេះឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក កុក ទៀង គឺជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភល្បីឈ្មោះក្នុងខេត្តឧត្ដរមានជ័យ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមួយចំនួនប្រហែលទទួលបានផលប្រយោជន៍ពីជននេះ ទើបបណ្ដោយឲ្យជននេះបើកល្បែងស៊ីសងក្នុងចំណតរថយន្តអូរស្មាច់យ៉ាងគឃ្លើន។ ក្នុងមួយថ្ងៃៗឈ្មោះ កុក ទៀង ប្រមូលលុយបានយ៉ាងច្រើនពីល្បែងស៊ីសង ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនគឺជាអ្នករង់ចាំទទួលផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com