ខេត្តស្វាយរៀង ៖ លោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករ ក្រុងបាវិត ជំនួសលោក យឹង សំអន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែមកដល់ពេលនេះ ទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ រួមទាំងចំណីអាហារ ខូចគុណភាព ត្រូវក្រុមឈ្មួញដឹកជញ្ជូន ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិ បាវិត-ម៉ុកបាយ កាន់តែអនាធិបតេយ្យខ្លាំងឡើង ដូចដែលអ្នកតាមដាន កំណែទម្រង់គយ បានលើកឡើងថា ក្នុងមួយខែៗ រដ្ឋត្រូវខាតបង់ចំណូលពន្ធ មិនតិចជាង ២០ម៉ឺនដុល្លារនោះទេ ដោយសារតែលោក នង សុខុម និងកូនចៅក្រោមឱវាទ ឃុបឃិតឲ្យមាន អំពើរត់ពន្ធទំនិញ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក នង សុខុម ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកបាវិត បានប្រព្រឹត្តអំពើ ស៊ីសំណូក សូកប៉ាន់ ពីពួកឈ្មួញធំៗ ដែលរកស៊ី បង្កប់ទំនិញគេចពន្ធ តាមរថយន្តក្រុង ដឹកអ្នកទេសចរណ៍ ច្រើនឆ្នាំមកហើយ ដោយគ្មានការបង់ពន្ធជូនរដ្ឋ។ ប្រភពបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ដែលចេញចូល តាមច្រកបាវិតរាល់ថ្ងៃ ដែលមានបង្កប់ទំនិញគេចពន្ធ ក្នុងមួយគ្រឿងៗ ត្រូវបង់លុយ យ៉ាងតិចពី ៥ ទៅ ៧លានរៀល ទៅឱ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធតាមប៉ុស្តិ៍ តាមអង្គភាពនីមួយៗ។ ក្នុងនោះ ក្រុមហ៊ុនរថយន្តក្រុង មួយចំនួន បានឃុបឃិត ជាមួយមន្ត្រីខិលខូច មួយក្តាប់តូច ប្រចាំនៅច្រកបាវិត រួមមានមន្ត្រីគយ និងប៉ូលិសអន្តោប្រវេសន៍ ឱ្យជួយធ្វើជាបង្អែក និងជួយរត់ការ នាំចូលទំនិញខុសច្បាប់ និងគេចពន្ធ ដើម្បីចៀសផុត ពីការរំខាន។
ដោយឡែក ការហូរចូលទំនិញវិនិយោគ ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ ក៏ដូចជាទំនិញនាំចូល ដែលត្រូវបង់ពន្ធជូនរដ្ឋ តែមន្ត្រីគយ បានប្រើជំនាញរបស់ខ្លួន តាមរយៈការត្រួតពិនិត្យទំនិញ ក៏ដូចជាឯកសារនាំចូល តាមរបៀបដាក់កំហិត ឲ្យមានការបង់ប្រាក់ ផ្ទុយពីគោលការណ៍ របស់ក្រសួង ហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ។
លោក នង សុខុម នៅមិនទាន់ធ្វើការកែទម្រង់ ចំពោះរូបភាពនៃការ បង្ខំឱ្យក្រុមអ្នករត់ការទំនិញ បង់ប្រាក់សម្រាប់ ថ្លៃសេវាពិនិត្យឯកសារ ដែលត្រូវឆ្លងកាត់ ដែលគេហៅថា លុយថ្លៃបាយ ដែលច្បាប់ចាត់ទុកថា ជាការទារលុយ ដោយខុសច្បាប់។ រាល់ឯកសារ នៃទំនិញវិនិយោគ ដែលនាំមកពី ក្រុងហូជីមិញ គ្រាន់តែជំនាញគយ ក៏ត្រូវចំណាយ យ៉ាងតិចពី ១០០ទៅ ១១៥ដុល្លារ ហើយការបង់ប្រាក់ សម្រាប់មន្ដ្រីគយក្រៅផ្លូវការ ក្នុងម្នាក់ៗចាប់ពី ១០ដុល្លារ រហូតដល់ ៦០ដុល្លារ ។
ច្រកអន្ដរជាតិបាវិត ខេត្ដស្វាយរៀង ទំនិញភាគច្រើនជា ផលិតផលរបស់ ប្រទេសវៀតណាម និងប្រទេសចិន ដែលក្រុមឈ្មួញនាំចូល ដោយគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ក៏មានចំនួនច្រើនឥតគណនា ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់ ហើយលោក នង សុខុម ទំនងជាបានទទួល សំណូកពីក្រុមឈ្មួញ រកស៊ីដឹកទំនិញគេចពន្ធ ទើបមិនដែល ធ្វើការបង្ក្រាប។ ជាក់ស្តែងឈ្មួញ ដ៏មានអំណាចម្នាក់ ឈ្មោះ ចែ ភី ដែលមានទំនាក់ទំនងល្អ ជាមួយមន្ត្រីគយធំៗ បានប្រើប្រាស់ រថយន្តប្រភេទ យីឌុបភ្លៅ៥ ធុនយក្ស ដឹកទំនិញប្រភេទ គ្រឿងសំណង់ និងទំនិញចម្រុះ នាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ដោយគ្មានការបង់ពន្ធ ៕