ខេត្តតាកែវ៖ ថ្មីៗបើទោះជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ បានដាក់ចេញនូវវិធានការឹតបន្តឹងលើការប្រមូលពន្ធអោយបានមួយរយភាគរយនោះ ក៏ប៉ុន្តែ បុគ្គល កែវ វន្នី ដែលជាប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវនោះ នូវតែពើងទ្រូងប្រព្រឹត្តអំពើពុករលួយយ៉ាងព្រហើនបំផុតដោយគ្មានញញើតខ្លាចច្បាប់ប្រឆាំងអំពើពុករលួយសូម្បីបន្តិចណាសោះ ។
ពាក់ព័ន្ធនិងបញ្ហាព្រងើយកន្តើយនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាជាអ្នកឃុបឃិតបើកដៃឲ្យលោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្ត។
ជាក់ស្ដែងអំពើពុករលួយរបស់លោក កែវ វ៉ាន្នី និងបក្ខពួកត្រូវបានមន្ត្រីគយក្នុងខេត្តតាកែវ មួយចំនួនលាតត្រដាងជាបន្តបន្ទាប់ ហើយបណ្ដាញព័ត៌មាននានាក៏បានចុះផ្សាយជាបន្តបន្ទាប់ដែរ ក៏ប៉ុន្តែទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាមេគយធំមិនចាត់វិធានការទប់ស្កាត់នោះទេ។
ដោយសារតែបញ្ហានោះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតជាបន្ទាន់ ទៅលើរឿងអាស្រូវពុករលួយរបស់លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ ឲ្យបានស៊ីជម្រៅ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួននៅក្នុងខេត្តតាកែវ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ទើបលោក កែវ វ៉ាន្នី ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែនជាច្រើនកន្លែងតាមតំបន់ព្រំដែនខ្មែរ-យួន នៅខេត្តតាកែវ។
ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន តាមច្រកបាក់ដៃ តាមច្រកកំពង់ក្រសាំង ជាដើមគឺឈ្មួញបង់ពន្ធប្រមាណ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតជាមួយលោក កែវ វ៉ាន្នី ព្រមទាំងបក្ខពួកដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ទន្ទឹមនឹងនេះយលោក កែវ វ៉ាន្នី បានគាបសង្កត់យ៉ាងខ្លាំងទៅលើមន្ត្រីគយក្រោមឱវាទមិនឲ្យតវ៉ាដោយយកលេសថា ខ្លួនប្រមូលលុយយកទៅជួយដល់គណបក្ស។ ហើយយកលេស ក្រោមលេសនេះហើយទើបលោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ បន្តប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញញើតអ្វីទាំងអស់។
តាមប្រភពពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនខ្មែរ-យួន ឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ បានឲ្យដឹងថាលោក កែវ វ៉ាន្នី បានបើកដៃឲ្យមេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះ២កន្លែងជំរិតយកលុយលើតុក្រោមតុពីពួកគាត់តាមរបៀបពុករលួយយ៉ាងគឃ្លើន។
ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថា ៖ បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ប្រើអំណាចជំរិតយកលុយពីពួកគាត់តាមអំពើចិត្តដែរ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ ដែលល្បីល្បាញខាងពុករលួយ។
ផ្ទុយទៅវិញទាំងលោក កែវ វ៉ាន្នី និងលោក លាង ម៉ុង បានឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ចូលមករាជធានីភ្នំពេញ យ៉ាងពេញបន្ទុកតែម្តង។
ជាងនេះទៅទៀត ក៏មានការលើកឡើងស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរមើលរំលងបញ្ហានេះទេព្រោះថា មួយរយៈកន្លងទៅនេះលោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ និងលោក លាង ម៉ុង ដែលជាមេគយចល័តខេត្តតាកែវបានព្រងើយកន្ដើយ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ។
ជុំវិញបញ្ហានេះដែរ គួរតែលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរនឹងព្រងើយកន្ដើយសម្ងំស្ងៀមធ្វើជាមិនដឹងមិនឮលើការប្រមូលពន្ធចូលរដ្ឋនោះទេ ព្រោះថាការព្រងើយកន្តើយនេះអាចធ្វើអោយជ្រុះបាត់បង់ចណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗរាប់សឹបម៉ឺនដុល្លារក្រោមការគ្រប់គ្រងរបស់បុគ្គល កែវ វន្នី ដែលជាប្រធាសាខាគយ និងរដ្ឋករគយ ខេត្តតាកែវ នោះ។