0

ឈ្មួញឈើពាក់ស្បែកយោធាឈ្មោះ ហ៊ត់ ប៊ុនគីម រួមជាមួយម្តាយក្មេង (រហាសនាម​ថា យាយ ៤៣)ចាប់ផ្តើមសម្រុកដឹកឈើខុសច្បាប់ចូលទឹកដីវៀតណាមសារជាថ្មីទៀតហើយ 

ខេត្តក្រចេះ៖ តាមប្រភពច្បាស់ការណ៍ពីខេត្តក្រចេះ បានឲ្យដឹងថា រថយន្តធុនធំយ៉ាងតិចចំនួន៤គ្រឿងកំពុងតែលើកឈើខុសច្បាប់ដាក់នៅត្រង់ចំណុចប៉ោដើមចេក ឬហៅថា ច្រកកា៣ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីដឹកឆ្លងដែនទៅលក់ក្នុងទឹកដីវៀណាម កាលពីព្រលឹមថ្ងៃទី៥ ខែកុម្ភៈនេះ ក្រោមការការពារយ៉ាងរឹងមាំពីទាហាន និងមានជនជាតិវៀតណាមនៅជាមួយថែមទៀតផង។

ប្រភពដដែល បានបញ្ជាក់ថា ឈើទាំងនេះ គឺជាកម្មសិទ្ធិរបស់លោក ហ៊ត់ ប៊ុនគីម អតីតមេបញ្ជាការកងអនុសេនាធំលេខ៣ នៃប្រតិបត្តិការសឹងរងខេត្តក្រចេះ ដោយមានទាហានយ៉ាងតិចចំនួន៤នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ នៅយាមការពារកន្លែងលើកឈើនេះផងដែរ។

សកម្មភាពលើកឈើនេះ បានចាប់ផ្តើមតាំងពីល្ងាចថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយស្ទួចដាក់លើរថយន្តយីឌុបចំនួន២គ្រឿង ដែលគេដឹងថា ជារថយន្តរបស់ថៅកែវៀតណាម ហើយនៅព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រថយន្តយីឌុបចំនួន២គ្រឿងទៀត បន្តចូលមកលើកដាក់បន្ថែមទៀត។

ប្រភពនៅកន្លែងលើកដាក់ឈើ បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តយីឌុបទាំង៤គ្រឿង និងរថយន្តស្តួចមួយគ្រឿង គឺជារបស់ជនជាតិវៀតណាមទាំងអស់ ដោយលោក ហ៊ត់ ប៊ុនគីម ជាអ្នកប្រមូលឈើទាំងនោះដើម្បីដឹកជញ្ជូនបន្តចូលទៅក្នុងទឹកដីវៀតណាមតាមច្រករបៀងជ័យឃ្លាំង ឬហៅថា ច្រករបៀង ដេ១៦ ។
អ្នកស្និទ្ធនឹងលោក ហ៊ត់ ប៊ុនគីម ដែលកំពុងតែលើកឈើទាំងនេះ បានទម្លាយឲ្យដឹងថា តាមគម្រោងឈើទាំងនេះ ត្រូវការដឹក

ចេញពី៧ ទៅ៨រថយន្តយីឌុប ដោយចេញតាមច្រកជ័យឃ្លាំង និងច្រកដេ១៦។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ក៏ដូចជាកម្លាំងជំនាញបង្ក្រាបបទល្មើសប្រចាំការនៅទីនោះ ហាក់ដូចជាកំពុងតែលាក់បាំង និងការពារសកម្មភាពក្រុមលោក ហួត ប៊ុនគីម ដើម្បីទទួលបានផលប្រយោជន៍ ដែលយ៉ាងហោចណាស់ក្នុងមួយរថយន្តយីឌុប ត្រូវបង់ពី១ពាន់ ទៅ២ពាន់ដុល្លារ ដូច្នេះទើប លោក ហ៊ត់ ប៊ុនគីម មានសិទ្ធិប្រមូលឈើយកទៅដាក់នៅចំណុចកា៣ និងយកទាហានប្រដាប់ដោយអាវុធគ្រប់ដៃសម្រាប់ការពារ និងយករថយន្តរបស់វៀតណាមប្រភេទយីឌុប ក៏ដូចជារថយន្តស្ទួចមកស្ទួចឈើដោយគ្មានខ្លាចរអាអ្វីទាំងអស់។

លោក ហ៊ត់ ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលល្បីខ្លាំងខាងដឹកជញ្ជូនឈើប្រណីតឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម ត្រូវបានដកចេញពីតំណែង បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការរកស៊ីខុសច្បាប់ និងបើកវង់ល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដោយឲ្យទៅបម្រើការងារនៅក្នុងបន្ទាយប្រតិបត្តិការសឹករងខេត្តក្រចេះ ដោយដាក់ជំនួសមេបញ្ជាការរង ឈ្មោះ ជា វណ្ណៈ ឲ្យឡើងកាន់តំណែងនេះ។

កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រថយន្ត៣គ្រឿងរបស់ ហ៊ត់ ប៊ុនគីម បានដឹកឈើប្រណីតឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ហើយពេលកម្លាំងកងរាជអាវុធចុះបង្ក្រាបនោះ ស្រាប់តែតៃកុងឡានដឹកឈើខាងបើករកបុកសមត្ថកិច្ច និងបានបើកគេចខ្លួនចូលក្នុងបន្ទាយបាត់តែម្តង។នេះមិនមែនជាលើកទី១ទេ លោក ហ៊ត់ ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ នៃវរសេនាតូចព្រំដែនគោកលេខ២០៤ របស់ខេត្តក្រចេះ មានរឿងជាច្រើនទាក់ទងនឹងការដឹកឈើប្រណីតខុសច្បាប់នេះ កន្លងមកក៏មានករណីស្រដៀងគ្នាដែរ គឺគំនរឈើត្រូវបានទម្លាក់ចុះពីរថយន្ត១គ្រឿង ដែលបានខូចនៅពេលកំពុងដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញឈើវៀតណាម តាមច្រករបៀង០៦ ក្បែរបង្គោលព្រំដែនថ្មីលេខ៦៥ ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។មិនតែប៉ុណ្ណោះ លោក ហ៊ត់ ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ក៏បានផ្តល់ទីតាំងលាក់ទុកឈើនៅក្នុងទីបញ្ជាការដ្ឋានរបស់ខ្លួន សម្រាប់ស្តុកឈើឲ្យមានសុវត្ថិភាព ព្រោះគ្មានសមត្ថកិច្ចណាហ៊ានចូលទៅបង្ក្រាបនៅក្នុងបន្ទាយយោធាមួយនេះឡើយ។

ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មេបញ្ជាការរូបនេះ បានឲ្យភរិយារបស់ខ្លួន ដែលគេហៅថា ចែ វី ដើរប្រមូលទិញឈើពីតំបន់ផ្សេងៗ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយដឹកជញ្ជូនតាមរថយន្តតូចៗ យកមកគរស្តុកទុកនៅក្នុងទីបញ្ជាការកងអនុសេនាធំលេខ៣នេះ មុននឹងលើកដាក់រថយន្តកែច្នៃធុនធំៗ ដើម្បីដឹកបន្តចេញទៅលក់នៅក្នុងទឹកដី វៀតណាម តាមច្រករបៀងង៉ាំ០៦ ឬហៅថា ផ្លូវរបស់ក្រុមធីធីវ៉ាយ។

កន្លងមកដោយសារការពិនិត្យឃើញថា សកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើឆ្លងដែនចូលទឹកដីវៀតណាមរបស់ភរិយាលោក ហ៊ត់ ប៊ុនគីម គឺជាអំពើខុសច្បាប់ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ធ្លាប់បានចេញបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចរបស់ស្រុកស្នួល តាមចាប់រថយន្តដឹកឈើខុសច្បាប់ទាំងនេះម្តងរួចមកហើយ ប៉ុន្តែមិនអាចចាប់បានទេ៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com