0

ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ

កណ្តាល៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ មកពី៣២គ្រួសារ មកពីឃុំគគីរធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ មកលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យផល រាប់សិបឆ្នាំកន្លងមកហើយ។

ការតវ៉ានេះ បានកើតឡើងខណៈគ្រឿងចក្របួនគ្រឿង ឈូសឆាយ កាយប្រឡាយ លើកទន្ទប់យកដីរបស់ពួកគាត់ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានទំហំជាង៨២ហិកតា។

ពួកគាត់បានតវ៉ាថា លោក ថាច់ ថង ដែលពួកឮឈ្មោះតៗ បានវាទយកដីរបស់ពួកគាត់ ទាំងបំពានច្បាប់ ដោយមិនស្តាប់ការណែនាំពីអាជ្ញាធរមូកដ្ឋាន ប៉ុន្តែអាងអំណាចបុណ្យស័ក្តិ និងទឹកប្រាក់។

យោងតាមលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់លោក គឹម សោភណ្ឌ អភិបាលខេត្តកណ្តាល ជូនលោក ថាច់ ថង បានឲ្យដឹងថា សកម្មភាពឈូសឆាយ ជីប្រឡាយ លើកទំនប់ មិនបន្តទៅទៀតបានទេ ក្នុងករណីមានការតវ៉ាពីប្រជាពលរដ្ឋ ដែលមានឯកសារត្រឹមត្រវបញ្ជាក់ពីកានកាប់ ឬអាស្រ័យផលស្របច្បាប់។

លោកអភិបាលខេត្តបានសរសេរប្រាប់ថា «ប្រសិនបើមានការប្តឹងជំទាស់ អ្នកប្តឹងមានឯកសារកាន់កាប់ជាភស្តុតាងត្រឹមត្រូវ ត្រូវផ្អាកសកម្មភាពនូវចំណុច ដែលមានទំនាស់នោះជាបណ្តោះ»។

នៅក្នុងដដែលមានបញ្ជាក់ថា លោក ថាច់ ថង មានឋានៈ «ឯកឧត្តម» ថែមទៀតផង តែមិនបានបង្ហាញតួនាទីនៅស្ថាប័នមួយណាឡើយ។

លោក ចាន់ ធូ អាយុ៨១ឆ្នាំ ជាមេឃុំគគីធំ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នា២០២០នេះ បានមានប្រសាស៍រៀបរាប់ពីសាវតាដីនេះថា មូលហេតុ
ឲ្យមានវិវាទដីធ្លីនេះ គឺបង្កដោយក្រុមឈ្មួញ ដែលធ្វើសកម្មភាពបំពានសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

លោកមេឃុំបានមានប្រសាសន៍ដូច្នេះថា «មានបញ្ហា ដោយសារ ចាច់ ថង ខ្វះដី ចំណែកក្រុមការងារចុចប្លង់ដី [Global Map] គ្រប់យកដីរបស់គាត់»។

លោកបានរំឭកទៀតថា ករណីវិវាទនេះ កើតឡើងក្រោយមានការបែងចែកព្រំប្រទល់រដ្ឋបាលឃុំ ដែលបានកាត់ដីនេះពីឃុំគគីធំ ចូលទៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។

ពលរដ្ឋតវ៉ាដោយកាន់រូបមុខដឹកនាំកម្ពុជា និងនិយាយទាមទារឲ្យក្រុមឈ្មួញបញ្ឈប់សកម្មភាពទន្ទ្រានយកដីរបស់ពួកគាត់ បើមិនដូច្នេះទេ ពួកគាត់នឹងបន្តការតវ៉ា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ដែលត្រូបានធានាដោយច្បាប់។

ក្រុមពលរដ្ឋអ្នកតវ៉ាដែលបានយករូបសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានទាមទារឲ្យក្រុមឈ្មួញកាយដីលើកទំនាប់នៅកន្លែងវិវាទនោះត្រូវបញ្ឈប់សកម្មភាពខាងលើនេះ បើមិនដូច្នេះទេ ពួកគាត់នឹងតស៊ូរហូតដល់ទីបញ្ចប់។

ពលរដ្ឋខាងលើបានស្នើឲ្យឈ្មួញដែលកំពុងទន្រ្ទានយកដីពួកគាត់ជាពិសេសលោក ថាច់ ថង ត្រូវគោរពទៅតាមច្បាប់ដែលអាជ្ញាធរបានទទួលស្គាល់កាលពីមេឃុំគគីធំរហូតដល់សព្វថ្ងៃ។

លោក ថាច់ ថង មិនអាចសុំការបកស្រាយបានទេ ចំណែកនៅកន្លែងវិវាទ ក៏មិនមានតំណាងចេញមុខបកស្រាយដែរ៕ (នៅមានត)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com