តាមសេចក្តីរាយការណ៏មកពីខេត្តមណ្ឌលគិរីឲ្យអ្នកសារព័ត៌មានយើងបានប្រាប់ថា ក្រុមហ៊ុនដីសម្បទាន សង្គមកិច្ចមួយ ឈ្មោះ សេង គៀង (ហៅ៩៥) ដែលមានទីតាំង នៅស្រុកកោះញែក កំពុងមានសកម្មភាព ដឹកជញ្ជូនឈើប្រណិត មកពីគ្រប់ទិសទី ក្នុងស្រុកកោះញែក ចូលក្នុងបរិវេណ ក្រុមហ៊ុនរបស់ខ្លួនរាប់រយម៉ែត្រគូប ធ្វើការអារជ្រៀក និងដឹកជញ្ជូន តាមរថយន្តយីឌុបធំៗរាល់ថ្ងៃ មិនរំខានដល់ សមត្ថកិច្ចជំនាញទេ ព្រោះគេថា មានច្បាប់ត្រឹមត្រូវ ក្នុងការដឹកឈើប្រណិត ពីក្រៅដែនដីសម្បទាន ដែលហ៊ុំព័ទ្ធដោយដីព្រៃរិចរិល រកតែប្រភេទឈើប្រណិត មួយដើមគ្មាន។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ស្រុកកោះញែក បាននិយាយថា ក្រុមហ៊ុន សេង គៀង (ហៅ៩៥) ជាក្រុមហ៊ុនដីសម្បទានមួយ ដែលកំពុងប្រមូលផល អនុផលព្រៃឈើ ទូទាំងស្រុកកោះញែក ចូលក្រុមហ៊ុន រាប់រយម៉ែត្រគូប ដើម្បីអារជ្រៀក ដឹកបន្តតាមរថយន្តធំៗ ចេញទៅលក់នៅក្រៅប្រទេស ច្រើនឆ្នាំមកហើយ មិនថារដូវប្រាំង ឬវស្សានោះទេ គឺគេយកច្បាប់វិរិយោគដីសម្បទាន ដើរប្រមូលទិញឈើប្រណិត មកពីគ្រប់ទិសទី ក្នុងស្រុកកោះញែក។
រាល់សកម្មភាពការដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ គេតែងឃើញរថយន្ត វីហ្គូពណ៌ខ្មៅ មួយគ្រឿង ជិះរត់ការផ្លូវ បង់លុយអោយគ្រប់ មន្ត្រីជំនាញ គ្រប់ស្ថាប័ន ដែលប្រជាពលរដ្ឋ ស្គាល់ច្បាស់ថា ជាមេការរបស់ក្រុមហ៊ុន ៩៥ ឈ្មោះ ផាត ។ ពាក់ព័ន្ធករណីខាងលើនេះ នាយផ្នែករដ្ឋបាលព្រៃឈើ កោះញែក លោក ឈួន សេរីវឌ្ឍ មិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃនេះ ដោយសហការីយើង ព្យាយាមទូរស័ព្ទចូល តែគ្មានអ្នកទទួល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដីសម្បទានសង្គមកិច្ច ឈ្មោះ សេង គៀង (ហៅ៩៥)ខាងលើនេះ មានផ្ទៃធ្វើការវិរិយោគ ប្រមាណជាង ២០០០ហិកតា ដែលភាគច្រើន ជាប្រភេទដីព្រៃ រិចរឹល វាលស្មៅ ព្រៃខ្លុង ត្បែង ពុំមានប្រភេទឈើប្រណិតទេ ប៉ុន្តែឈើប្រណិត ត្រូវបានដឹក ចេញ ពីក្រុមហ៊ុនមួយនេះ ច្រើនឆ្នាំមកហើយ មិនចេះរីងស្ងួតសោះ៕