0

លោក​ សៅ ​ប៊ុនរិទ្ធ​ មេ​ប៉ូលីស​អន្តោ​ប្រវេសន៏​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ កំពុង​ជាន់​ក​ដក​ស្លាប​ពលករ​ឆ្លង​ដែន​ឥត​ប្រណី​ដៃ​ឡើយ​ ដោយអាងខ្នងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ!​

ខេត្តបាត់ដំបង៖ មជ្ឍដ្ឋានអ្នកឆ្លងដែនបានរិះគន់ថា៖ ប៉ូលីសអន្តោប្រវេសន៏ នៅច្រកអន្តរជាតិដូង ក្រោមការគ្រប់គ្រង ដឹកនាំដោយលោក សៅ ប៊ុនរិទ្ធ បានយកលុយថ្លៃ ធ្វើប័ណ្ណឆ្លងដែន (Border Pass) ក្នុងតម្លៃយ៉ាងច្រើន លើសលប់ពីពលករ ចំណាកស្រុកក្នុងម្នាក់ៗពី ៧៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបានសួរថា តើទង្វើបែបនេះ គួរត្រូវមានទោសដែររទេ?

ប្រភពបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នមានពលករខ្មែរ នៅតែមានឆ្លងដែន ក្នុងមួយថ្ងៃៗមិនតិចនាក់ទេ  តែងធ្វើចំណាកស្រុក ចាកចេញពីកម្ពុជា ទៅរកការងារធ្វើ នៅប្រទេសថៃ តាមច្រកអន្តរជាតិដូង ។ មុនពេលអាចមានសិទ្ធិ ឆ្លងដែនទៅបាន ពលករទាំងនោះ ត្រូវចំណាយលុយក្នុងម្នាក់ៗចំនួន ៧៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ដើម្បីធ្វើប័ណ្ណឆ្លងដែន (Border Pass) ម្នាក់មួយសន្លឹកៗ ពីអស់លោកមន្ត្រីៗ ប៉ូលិសអន្តោប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ដ៏មហិមា ។ នេះគេគ្រាន់តែនិយាយ ពីរឿងពលករឆ្លងដែន  មួយមុខប៉ុណ្ណោះ ពោលគឺមិនទាន់និយាយ ពីរឿងការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធបណ្ដោយឲ្យកើតមាន ទំនិញគេចពន្ធនានា ចេញ-ចូលឆ្លងកាត់តាម ច្រកអន្តរជាតិដូងនោះផង ។

សូមរម្លឹកឡើងវិញដែរថា កាលលោក សៅ ប៊ុនរិទ្ធ នៅធ្វើជាមេប៉ូលិស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ – ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបណ្ដាញផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរចុះផ្សាយ និងបង្ហោះផ្សាយ ជាបន្តបន្ទាប់ថា ក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋខ្មែរ  ធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ដែលត្រូវធ្វើប័ណ្ណឆ្លងដែន មានចំនួនរហូតដល់ទៅ រាប់រយពាន់នាក់ឯណោះ ។

ព័ត៌មានទាំងនោះ បានឲ្យដឹងទៀតថា មន្ត្រីៗប៉ូលិសអន្តោប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ តែងបានឃុបឃិត ជាមួយក្រុមមេខ្យល់មួយចំនួន តាមរយៈការលួចបន្លំឈ្មោះ ដោយដាក់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក មកពីបណ្ដាខេត្តឆ្ងាយៗថា ជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ជាប់ព្រំដែនខ្មែរ​ ថៃ ដើម្បីទទួលបាន សិទ្ធិស្របច្បាប់ ក្នុងការធ្វើប័ណ្ណឆ្លងដែន ។ ប៉ុន្តែពួកគាត់ (ប្រជាពលរដ្ឋឆ្ងាយៗ) ដែលចង់បានប័ណ្ណឆ្លងដែននោះ ត្រូវតែចំណាយលុយចាប់ពី ១០០០បាត (មួយពាន់បាត) ទៅ ១២០០បាត (មួយពាន់ពីររយបាត) ឬ ១៥០០បាត (មួយពាន់ប្រាំរយបាត) ក្នុងម្នាក់ៗ ទើបអាចធ្វើបានដោយ អត់មានបញ្ហាឡើយ ។ ទង្វើនេះត្រូវប្រជាពលរដ្ឋ នាំគ្នានិយាយរិះគន់ថា ជាទង្វើដ៍គឃ្លើនមួយ ប្រឆាំងទាំងស្រុង ទៅនឹងអនុក្រិត្យ របស់ក្រសួងមហាផ្ទៃ… ព្រោះថា យោងតាមអនុក្រិត្យលេខ ៦៨ របស់ក្រសួងមហាផ្ទៃ បានកំណត់ឲ្យយក ថ្លៃធ្វើប័ណ្ណឆ្លងដែន ពីប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ៗត្រឹមតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ក្រុមប៉ូលិសអន្តោប្រវេសន៏ ជាកូនចៅរបស់លោក សៅ ប៊ុនរិទ្ធ បែរជាយកថ្លៃហួស ពីរដ្ឋបានកំណត់ ប្រៀបដូចសង្កត់ក ដកស្លាបប្រជាពលរដ្ឋ ក្រីក្រអត់ឃ្លានទៅវិញ ។

ប្រជាពលករ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ កាន់តែជួបការ លំបាកខ្លាំងឡើងៗ និងសម្ដែងការខឹង សម្បាខ្លាំងឡើងៗដែរ ចំពោះក្រុមប៉ូលិស អន្តោប្រវេសន៏របស់លោក សៅ ប៊ុនរិទ្ធ ធ្វើឲ្យប៉ះពាល់មិនតិចទេ ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំកំពូលៗ ក៍ដូចជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ  ឬអគ្គស្នងការ នគរបាលជាតិ ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយនានា ក៍ធ្លាប់បានឲ្យដឹងដែរថា កាលលោក សៅ ប៊ុនរិទ្ធ នៅ ធ្វើជាមេប៉ូលិស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ – ប៉ោយប៉ែត គេតែងបានឃើញក្រុមប៉ូលិស អន្តោប្រវេសន៏ទាំងនោះ មិនត្រឹមតែគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកប៉ុណ្ណោះទេ គឺពួគេថែមទាំង បានចាត់តាំងមន្ត្រី ជំនិតៗរបស់ខ្លួន ឲ្យដាក់កុងត្រូលជជុះ ប្រមូលលុយពីកម្មករ  អូសរទេះដឹកត្រី និងខោអាវគីប ព្រមទាំងទំនិញផ្សេងៗ យ៉ាងអនាធិបតេយ្យ ដោយគ្មានអៀនខ្មាសសោះឡើយ។​ ជាក់ស្តែងដូចជា នៅប៉ុស្ពិ៏ត្រង់ចំណុច ផ្លូវដើមពុទ្ទ្រា ខាងជើងច្រកទ្វារ អន្តរជាតិ-ប៉ោយប៉ែត ប្រហែលប្រាំរយម៉ែត្រ ដើម្បីប្រមូលលុយពី អ្នករកស៊ីទំនិញខុសច្បាប់ ពីខ្មែរទៅថៃ ឬពីថៃមកខ្មែរទៀតផង ។

បងប្អូនប្រជាពលរដ្ឋ បាននិយាយថា ឥឡូវនេះបន្ទាប់ពីលោក សៅ ប៊ុនរិទ្ធ ត្រូវបានថ្នាក់លើ  ដកចេញពីមេប៉ូលិស អន្តោប្រវេសន៏ ច្រកទ្វារអន្តរជាតិ – ប៉ោយប៉ែត ដោយតែងតាំងឲ្យទៅ ធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ច្រកអន្តរជាតិដូង គេសង្កេតឃើញថា លោក សៅ ប៊ុនរិទ្ធ នៅតែប្រព្រឹត្តអំពើដដែលៗ មិនសូវខុសពីមុននោះឡើយ។ ករណីនេះ សូមឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ គួរតែមានការត្រួតពិនិត្យ ឲ្យបានម៉ត់ចត់ ល្អិតល្អន់បំផុតដោយចៀសវាងកុំឲ្យ ពួកមន្ត្រីៗខិលខូច មួយក្ដាប់តូចនាំគ្នា ប្រព្រឹត្តអំពើពុករលួយធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បាក្លាយទៅជារឿងខឹងគោវាយរទេះពិតប្រាកដ តេីនេះដោយសារគាត់(សៅ ប៊ុនរិទ្ធ) អាងខ្នង ឯកឧត្តមនាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលជាតិមែនទែ?

ព័ត៌មានខាងលើនេះ អ្នកកសារព័ត៌មានយើង នៅមិនទាន់បាន ទំនាក់ទំនងសុំការបំភ្លឺពីលោក សៅ ប៊ុនរិទ្ធ បាននៅឡើយទេ ៕

sao bunrith_20120723

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com