0

លោក ខូវ អ៊ុយប៉ាង ថៅកែរោងចក្រទុយោ KAP ទន្ទ្រានដីបឹងអតីតឡូត៍លេខ១ ធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន

ខេត្តកណ្តាល ៖ លោក ខូវ អ៊ុយ​ប៉ាង ថៅកែ​​រោ​ង​ចក្រ​​ទុយោ ​ខេ​អេ​ភី បាន​ចាក់​ដី​​លុប​​បឹង ​នៅក្នុ​ង​ឃុំ​រ​កា​​ខ្ពស់ ស្រុក​​ស្អាង ខេត្ត​កណ្ដាល ​​ធ្វើ​ឲ្យ​​​មជ្ឈដ្ឋា​ន​​នានា ​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ហើយ​​អំពាវ​នាវ​​ឲ្យ​​លោក ម៉ៅ ភិ​រុ​ណ អភិ​បាល​ខេត្ត​ក​ណ្ដា​លចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​សាលាស្រុក​ស្អាង បាន​បង្ហើប​ឲ្យ​ដឹងថា ​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង បាន​ឃុបឃិត​ជាមួយ ​អាជ្ញាធរ​ស្រុក​ស្អាង ប្រធានការិយាល័យ ​ភូមិបាល​ស្រុក​ស្អាង និង​មន្ត្រីរដ្ឋបាល​ជលផល ​ក្នុង​ការទិញ​លក់​ដី​បឹង​ អតីត​ឡូត៍​នេសាទ​លេខ​១ នៅ​ខាងលិច​បឹង​ទឹកជោ​រាប់រយ​ហិកតា​។ ពេល​ទិញ​ដី​នោះបាន​ហើយ​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង បាន​ឃុបឃិត​ជាមួយ ​ក្រុមមន្ត្រី​ពុករលួយ ​រត់ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់ ​យ៉ាង​រលូន​តែម្តង​។

មន្ត្រី​អាជ្ញាធរ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈពេល​កន្លងទៅ​នេះ​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី បាន​ជួល​គ្រឿងចក្រ ​រាប់សិប​គ្រឿង ​ដើម្បី​ដឹក​អាចម៍ដី​លុប​បឹង ​អតីត​ឡូត៍​នេសាទ​លេខ​១ ពង្រីក​បន្ថែម​ដើម្បី​សាងសង់ ​រោងចក្រ​ផលិត​ទុយោ ​មួយកន្លែង​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ក្រោយពេល​ឈូសឆាយ​ព្រៃ​លិច​ទឹក ​និង​ចាក់ដី​លុប​បឹង​ធម្មជាតិ ​អតីត​ឡូត៍​នេសាទ​លេខ​១​នោះ គឺ​ឈ្មួញ​រូបនេះ​បាន​ចាក់ដី ​លុប​ប្រឡាយ​មេទឹក​ ចំនួន ​២​ខ្សែ ​ដែលមាន​ទទឹង ​៤០​ម៉ែត្រ ទៅ​៥០​ ម៉ែត្រ និង​មាន​បណ្ដោយ​រាប់ពាន់​ម៉ែត្រ ​ស្មើ​ផ្ទៃដី​ប្រមាណ​ជាង​ ២​ហិកតា​។ ប្រឡាយ​មេទឹក​ ២​ខ្សែ​នោះ គឺជា​ផ្លូវទឹក​តាំងពី​បុរាណ​ ដែលជា​ផ្លូវ​ទូក​សម្រាប់​ប្រជាពលរដ្ឋ ​ចេញទៅ​ប្រក​បរបរ​នេសាទ និង​ទាញយក​ទឹក​មកប្រើប្រាស់ ​សម្រាប់​ដំណាំ​កសិកម្ម​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ មន្ត្រី​សាលាស្រុក​ស្អាង​ មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ចាក់ដី​លុប​ប្រឡាយ​មេទឹក គឺជា​អំពើ​ខុសច្បាប់ ​ព្រោះ​នៅក្នុង​កិច្ចសន្យា ​បាន​បញ្ជាក់ថា មិន​ចាក់ដី​លុប​ប្រឡាយ​មេ ​២​ខ្សែ​នោះទេ គឺ​ទុក​ប្រឡាយ​ឲ្យ​នៅ​ដដែល​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ បាន​រិះគន់ថា ការដែល​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត​ជាមួយ​អភិបាលស្រុក​ស្អាង ប្រធានការិយាល័យ ​ភូមិបាល​ស្រុក​ស្អាង និង​មន្ត្រីរដ្ឋបាល​ជលផល​ ប្រចាំ​ស្រុក​នេះ ដូច្នេះ​មន្ត្រី​ពុករលួយ​ទាំងនោះ​ក៏មាន​ចំណែក​ ទទួលខុសត្រូវ​រឿង​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រាន​កាន់កាប់ ​ដី​បឹង​របស់​រដ្ឋ​ដែរ​។ បញ្ហា​នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១ ​រាប់រយ​ហិកតា កំពុង​ត្រូវបាន​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​៕

5

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com