ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ភូមិដាកណ្តាល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ គ្មានញញើតអ្វីឡើយ។
ដោយឡែកមេៗគយក្នុងខេត្តត្បូងឃ្មុំមិនហ៊ានប៉ះពាល់លោក មុយ បញ្ញារិទ្ធ ទាល់តែសោះ ដោយសារលោក មុយ បញ្ញារិទ្ធ មានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយទុកឲ្យលោក មុយ បញ្ញារិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបលោក មុយ បញ្ញារិទ្ធ សាងភាពល្បីល្បាញខាងពុករលួយបានយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកដា ជំនួសលោក យឹម វណ្ណៈ។
ប្រភពស្និទ្ធនឹងលោក មុយ បញ្ញារិទ្ធ បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួន តាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម គឺជាប្រភពចំណូលដ៏សំខាន់របស់លោក មុយ បញ្ញារិទ្ធ ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វេភាគីដា បង់ពន្ធប្រមាណ45ទៅ50ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងត្រជាក់ចិត្តតែម្ដង។ ចំណែកឈ្មួញ និងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួន តាមច្រកទ្វេភាគីដា ត្រូវលោក មុយ បញ្ញារិទ្ធ គាបយកលុយលើតុក្រោមតុស្រេចតែចិត្ត ហើយគ្មានអ្នកណាហ៊ានតវ៉ាជាមួយលោកលោក មុយ បញ្ញារិទ្ធ នោះទេ។ មន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា បានឲ្យដឹងទៀតថា ក្រុមឈ្មួញនាំចេញទៅស្រុកយួន ដូចជា តំឡូងមី ជ័រកៅស៊ូស្អុយ ឧសដើមកៅស៊ូ ធ្យូង និងកសិផលផ្សេងៗចេញទៅស្រុកយួនក៏ជាប្រភពចំណូលរបស់លោក មុយ បញ្ញារិទ្ធ ផងដែរ។ ជាក់ស្ដែងក្នុងតំណែងជាប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា ត្រឹមមួយរយៈពេលខ្លី គឺលោក មុយ បញ្ញារិទ្ធ ប្រើអំណាចនិងតួនាទីប្រមូលលុយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាល់តែសោះ៕