0

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំឲ្យប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជំនាញ ក្រោយសត្វឆ្កែ ឬសត្វឆ្មាខាំ

កំពង់ចាម៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋថា
នៅពេលដែល មានសត្វឆ្កែ ឬសត្វឆ្មាខាំ ត្រូវតែប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជំនាញ ពីរបៀបថែទាំ និងការ បង្ការ ហើយសូមកុំរង់ចាំថាតើសត្វដែលបានខាំនោះ ឆ្កួត ឬមិនឆ្កួត។ លោកបានទទូចថា ប្រជាពលរដ្ឋ កុំរង់ចាំរោគសញ្ញាឆ្កែឆ្កួតចេញ ទើបមកចាក់វ៉ាក់សាំង នោះគឺពុំមានប្រសិទ្ធភាពទេ។
ការថ្លែងនេះរបស់លោកសាស្ត្រាចារ្យ ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសចូលរួមសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រុងកំពង់ចាម នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
លោករដ្ឋលេខាធិការ ង៉ូវ កាង បានថ្លែងថាជំងឺឆ្កែឆ្កួតគឺជាជំងឺមួយប្រភេទ ប្រសិនបើលេចចេញជារោគសញ្ញានោះ គឺពិបាក សង្ឃឹម ឬគ្មានសង្ឃឹមក្នុងការព្យាបាលដូចនេះមានតែការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតប៉ុណ្ណោះគឺ អាចមានឱកាសជួយជីវិតមនុស្សបាន។
លោករដ្ឋលេខាធិការ បានពន្យល់ថា ជាទូទៅសត្វឆ្កែ ឬឆ្មាដែលមិនមានការទទួលការចាក់វ៉ាក់សាំង នៅពេលដែលវាមកខាំ មនុស្ស គឺមានឱកាសចម្លងមកមនុស្ស។ លោកថានៅ ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍន៍ការផ្តល់វ៉ាក់សាំងទៅដល់សត្វគឺនៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងពាក់ព័ន្ធ កំពុងខិតខំផ្តល់ការចាក់វ៉ាក់សាំង លើសត្វផងដែរ។
លោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ផងដែរថាគោលបំណងបើកឲ្យមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅក្នុងខេត្តកំពង់ចាមគឺដើម្បីនាំយកការបង្ការជំងឺឆ្កែឆ្កួតឲ្យទៅកាន់តែកៀកជិតប្រជាជន ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតនៅក្នុងតំបន់។
សូមជម្រាបជូនថាក្រោយពីមានកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងមន្ទីរសុខាភិបាលខេត្តកំពង់ ចាម អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ខេត្តកំពង់ចាម នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ ផ្តើម សាងសង់ឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានកម្ពស់ ១ជាន់ បណ្តោយ១៥ម៉ែត្រ និង ទទឹង ១២ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយបញ្ចប់ការសាងសង់ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៤ ដោយចំណាយថវិកាអស់ចំនួន ១៦ម៉ឺនដុល្លារ៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com