0

សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ (អនុសញ្ញាអូតាវ៉ា)

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ ។
ការលើកឡើងនារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាទ្រីក មើហ្វី បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ នូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល ៨ខែ កន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា ៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែង នូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណៈដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់ ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នា ក្នុងការដាក់ចេញនូវសកម្មភាព ដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ ឯកឧត្តមមានជំនឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែង នូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន រួមមាន ៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។ នាឱកាសនេះ សម្តេចធិបតី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ជូនឯកឧត្តម ផាទ្រីក មើហ្វីផងដែរ ។
សម្តេចធិបតី បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។ សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក ។
ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក ។
ជាទីបញ្ចប់ សម្តេចធិបតីក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់ឯកឧត្តម និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com