0

ស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក

ខេត្តកណ្តាល ៖ ស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោកនៅកន្លែងខ្លះ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ គ្មានទឹកសម្រាប់ប្រើប្រាស់ ដាក់ដំណាំ ដូចជាដាក់ស្រូវ ពោត ជាដើម។ល។ ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំបានលើកឡើងថា កំពុងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។
សូមជម្រាបថា បើយើងធ្វើដំណើរពីភ្នំពេញ ផ្លូវជាតិលេខ២១ មកដល់ចំណុចស្ពានលេខ៣១ នោះយើង ឃើញស្ទឹងមួយមានឈ្មោះថា “ស្ទឹងព្រែកអំបិល” ស្ទឹងនេះ ជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងក្នុងនោះ ពួកគាត់បានយកទឹកស្ទឹងនេះ ទៅប្រើប្រាស់ ដូចជាស្រោចដំណាំ បន្លែ ចម្ការ ហើយវាក៏ជាប្រភពទឹក សម្រាប់បញ្ចូលស្រែ និងនេសាទជាដើម។ លើសពីនេះ ស្ទឹងនេះ ក៏ជាប្រភពសំបូរដោយមច្ឆាជាតិជាច្រើនផងដែរ ដែលពេលខ្លះពលរដ្ឋបាននាំគ្នា ធ្វើនេសាទជាលក្ខខណៈគ្រួសារ បានត្រី ធ្វើម្ហូបចិញ្ចឹមក្រពះទៀតផង ។
ស្ទឹងព្រែកអំបិល ក៏ជាប្រភពផ្លូវទឹកមួយសំខាន់ តាំងពីសម័យដើមមកម្ល៉េះ ក្នុងនោះ ជាផ្លូវទឹកមួយសម្រាប់ដឹកដំណាំកសិផលផងដែរ ព្រោះថា ស្ទឹងនេះ ជាផ្លូវទឹក អាចហូរដល់ព្រំប្រទល់ប្រទេសវៀតណាមផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះស្ទឹងព្រែកអំបិល បានគោកស្ងួតដាច់ទឹក នៅតំបន់ខ្លះ ដែលជាហេតុធ្វើប្រជាពលរដ្ឋ ខ្លះមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។
ជាក់ស្តែងនៅឆ្នាំ២០២៤នេះ ដោយសារគ្មានភ្លៀងធ្លាក់ជាច្រើនខែ បានធ្វើទឹកស្ទឹងរីងស្ងួត ពោលគឺនៅត្រង់ចំណុចស្ពានព្រែកអំបិល (ស្ពានលេខ៣១) ជាកន្លែងផ្លូវទឹកហូរ ពីទន្លេរបាសាក ក៏បានគោកដាច់តែម្តង។ រយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ទឹងនេះ បានចាក់គ្រប់ដណ្តប់ដោយដីខ្សាច់ ដែលជាហេតុធ្វើបាតស្ទឹងកាន់រាក់ ។
ទាក់ទងនឹងការគោកស្ទឹងនេះ អាជ្ញាធរបានធ្វើការយ៉ាងដុតដៃ ដុតជើង ក្នុងការកាយផ្លូវទឹក ដើម្បីឲ្យពលរដ្ឋ បានទឹកប្រើប្រាស់ខ្លះៗ ។
ជាងនេះ អាជ្ញាធរមានសមត្ថកិច្ចភូមិ ឃុំ បានស្នើដល់ថ្នាក់ស្រុក និងខេត្ត ក៏ដូចជាក្រសួងពាក់ព័ន្ធ ជួយដោះស្រាយករណីនេះផង ។
ពាក់ព័ន្ធករណីគោកស្ទឹងខាងលើ មេឃុំព្រែកអំបិល លោក ប៉ាំង ផាន់នី បានបញ្ជាក់ថា ៖ “បញ្ហាប្រឈរនេះ មានភាពធំធេង ហើយយើងជាអាជ្ញាធរ ត្រូវប្រញ៉ាប់ដោះស្រាយ ខ្ញុំបានយកសំណើររបស់ប្រជាពលរដ្ឋ ដែលមានជាស្នាមមេដាយស្នើសុំបានដាក់ទៅរដ្ឋបាលស្រុក ដើម្បីសហការរួចហើយ ក្នុងការដោះស្រាយ” ។
បើតាមលោកមេឃុំ បានឲ្យដឹងថា ខាងស្រុក និងឃុំបានឯកភាពគ្នា រកអាជីវករ ដែលមានគ្រឿងចក្រ មកសង្គ្រោះដោយជីកកាយ បើកផ្លូវទឹក ពីកន្លែង ដែលមានទឹកជ្រៅ ឲ្យហូរមក ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ដាក់ស្រែចម្ការគាត់។
លោកមេឃុំ បានឲ្យដឹងទៀតថា បន្ទាប់ការងាររយៈពេលមួយសប្តាហ៍ កន្លងមកនេះ ឃើញទទួលបានលទ្ធផលល្អដែរហើយ។ ចំពោះករណីទឹកស្ទឹង គោកនេះ យើងបានដោះស្រាយបានមួយជំហាន ដែរហើយ ។
សម្រាប់ស្ទឹងព្រែកអំបិល ដែលគោក ដាច់នៅតាមកន្លែងនោះ លោក មេឃុំ បានអះអាងថា ខាងរដ្ឋបាលឃុំ បានធ្វើការជាមួយថ្នាក់ស្រុក ដាក់ជាគម្រោងផែនការជូនទៅថ្នាក់ខេត្ត ដើម្បីសុំស្តារស្ទឹងព្រែកអំបិលនេះ រួចហើយ ។
សូមជម្រាបថា កាលពីពេលថ្មី កន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីណែនាំ ពីវិធានការ និងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ។
តាមរយៈសេចក្ដី ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការណែនាំដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នូវសេចក្តីណែនាំ ស្តីពីវិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ។
ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ត្រូវចាត់មន្ត្រីដើម្បីចុះពិនិត្យមើលស្រះទឹក អណ្តូង និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍ បន្ទាន់ ក្នុងករណីអណ្ដូងខូច និងស្រះទឹករីងស្ងួត។ល។ ដើម្បីឆ្លើយតប ទៅនឹងការខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ ដែលងាយរងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេស និងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្ដល់កិច្ចអន្តរាគមន៍ ភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ត្រូវដឹកនាំ ត្រួតពិនិត្យ ការផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com