0

ឧកញ៉ា ហង្ស ស៊ីផា អាងខ្នងបង្អែករឹងមាំនាំចូលរថយន្តទំនើបៗអត់ពន្ធយ៉ាងគឃ្លើន

ខេត្តបន្ទាយមានជ័យ , ប្រភពពីសមត្ថកិច្ចគយនៅក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ច្រើនឆ្នាំមកហើយដែលឧកញ៉ា ហង្ស ស៊ីផា អាងមានខ្នងបង្អែករឹងមាំហើយរកស៊ីនាំចូលរថយន្តទំនើបៗអត់ពន្ធស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចគយចល័តបានរកឃើញរថយន្តទំនើបៗអត់ពន្ធនៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ហង្ស ស៊ីផា ហើយចាត់ការតាមនីតិវិធីក្នុងខណៈដែលឧកញ៉ា ហង្ស ស៊ីផា នៅតែគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនទេនោះ គឺឧកញ៉ា ហង្ស ស៊ីផា មិនអាចនាំចូលរថយន្តទំនើបៗគេចពន្ធពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងសុខស្រួលនាពេលកន្លងមកនោះឡើយ។

តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ករណីឧកញ៉ា ហង្ស ស៊ីផា នាំចូលរថយន្តទំនើបៗអត់ពន្ធបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធរាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយខែៗ ព្រោះច្រើនឆ្នាំមកហើយដែលឈ្មួញរូបនេះរត់ពន្ធរថយន្តទំនើបៗពីទឹកដីសៀមចូលទឹកដីខ្មែរ។ ការបង្ក្រាបរបស់គយចល័តកាលពីពេលថ្មីៗនេះដោយរកឃើញរថយន្តទំនើបៗអត់ពន្ធចំនួន២គ្រឿង ក្នុងភូមិគ្រឹះឧកញ៉ា ហង្ស ស៊ីផា គឺគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះឈ្មួញម្នាក់នេះនាំចូលរថយន្តគេចពន្ធជាច្រើនគ្រឿងក្នុងមួយខែៗដោយគ្មានសមត្ថកិច្ចគយឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។ ម្យ៉ាងទៀតការបង្ក្រាបរបស់សមត្ថកិច្ចគយចល័តក្នុងខេត្តឧត្ដរមានជ័យ ទៅលើឧកញ៉ា ហង្ស ស៊ីផា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ គ្រាន់តែជាយុទ្ធសាស្ត្ររបស់ក្រុមគយចល័ត កុំឲ្យឧកញ៉ា ហង្ស ស៊ីផា មើលរំលងពួកគេតែប៉ុណ្ណោះ។

ប្រភពពីឈ្មួញដែលស្និទ្ធនឹងឧកញ៉ា ហង្ស ស៊ីផា បានឲ្យដឹងថាឧកញ៉ា ហង្ស ស៊ីផា អាងខ្លួនជាទីប្រឹក្សាលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបហ៊ានរកស៊ីនាំចូលរថយន្តទំនើបៗគេចពន្ធដោយគ្មានញញើតអ្វីទាំងអស់។ ប្រសិនបើគ្មានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាបង្អែកដ៏រឹងមាំទេនោះ គឺឧកញ៉ា ហង្ស ស៊ីផា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ ដូច្នេះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន គួរពិនិត្យជាបន្ទាន់ជុំវិញបញ្ហាខាងលើនេះផងដែរ។ ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានតាមតំបន់ព្រំដែនខ្មែរ-សៀម ក្នុងស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឧកញ៉ា ហង្ស ស៊ីផា និងឈ្មួញច្រើននាក់ទៀតនៅតែបន្តសកម្មភាពនាំចូលរថយន្តទំនើបៗគេចពន្ធ និងម៉ូតូទំនើបៗគេចពន្ធដោយគ្មានខ្លាចក្រែងអ្វីឡើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់បណ្ដោយឲ្យបទល្មើសឆ្លងដែនកើតឡើងយ៉ាងពេញបន្ទុក៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com