0

តើល្មមដល់ពេល ACU សាកសួរលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ រឿងនាំចូលទំនិញគេចពន្ធឬនៅ?

ខេត្តព្រះសីហនុ៖ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និង ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអំពាវនាវដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត អំពីសកម្មភាព របស់ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ និង លោក ប្រធានការិយាល័យគយ និងរដ្ឋាករផែទំនប់រលក ដែលជាប់សង្ស័យបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាថ្នូរទទួលបានសំណូកពុករលួយ។

ប្រភពពីី មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យអ្នកយកព័ត៌មានគេហទំព័រ ចាប់ដៃ ដឹងថា មានមន្ទិលសង្ស័យថា ទំនិញគេចពន្ធជាច្រើនប្រភេទមានដូចជា៖ សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ឬសំអាង សំភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិចជាដើម ទំនងជានៅតែបន្តនាំចូលតាមកំពង់ផែមួយចំនួន នាខេត្តព្រះសីហនុរួមមាន៖ ផែទំនប់រលក ឬ ផែ លោក សូ ជុងហ៊ួរ។ ផែកែវផុស និង ផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ត្រង់ចំណុចនេះ ទាំងមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តព្រះសីហនុ សំណូមពរដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គការភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះឃ្លាំមើល សកម្មភាពនាំចូលទំនិញ នៅតាមកំពង់ផែនីមួយៗ ដើម្បីឲ្យប្រាកដថា ការនាំចូលទំនិញទាំងនោះ មានការត្រួតពិនិត្យ និងមានបង់ពន្ធចូលរដ្ឋ ស្របតាមច្បាប់ត្រឹមត្រូវដែរឬទេ។

ប្រភពពីប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចោទថា កន្លងមកទំនិញភាគច្រើន ដែលបាននាំចូលតាមច្រកកំពង់ផែមួយចំនួននាខេត្តព្រះសីហនុ ជាពិសេសកំពង់ផែឯកជន គឺមិនត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការតាមកំពង់ផែនីមួយៗត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ ឬជួនកាលមិនមានការត្រួតពិនិត្យសោះតែម្តង។

បញ្ហានេះ ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នាខេត្តព្រះសីហនុ សម្គាល់ថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាមរថយន្តសណ្តោងធំៗ មិនត្រូវបានមន្ត្រីការិយាល័យគយ និងសមត្ថកិច្ចប្រចាំការ នៅច្រកកំពង់ផែនីមួយៗ ត្រួតពិនិត្យឲ្យបានដិតដល់ទេ។

ដូច្នេះឯង ទើបមន្ត្រីរាជការ និងពលរដ្ឋខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នានាខេត្តព្រះសីហនុ ចង់ស្នើដល់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ ជុំវិញបទសង្ស័យ នៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានា ក្នុងខេត្តព្រះសីហនុ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព។

ប្រភពខាងលេីបានបន្តទៀត ធ្លាប់បានទទួលព័ត៌មានបទល្មើសនាំចូលទំនិញគេចពន្ធ ត្រូវអាជីវករ និងពលរដ្ឋរាយការណ៍មកថា នៅតាមច្រកកំពង់ផែមួយចំនួន មានផែទំបន់រលក ផែអន្តរជាតិស្ទឹងហាវ និងផែកែវផុសជាដើម គឺសង្ស័យបាននាំចូលទំនិញគេចពន្ធខុសច្បាប់។ ពិសេសក្នុងករណី “មន្ទិលសង្ស័យ”ខាងលើនោះ ប្រហែលជាលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ពុំមែនមិនដឹងនោះទេ។

ពលរដ្ឋចង់សំណូមពរថា បើអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញកំហុសឆ្គង ថាពិតជាមានមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធខ្លះ ពិតជាបានឃុបឃិតជាមួយឈ្មួញអនុញ្ញាត ឲ្យនាំចូលទំនិញគេចពន្ធខុសច្បាប់ តាមច្រកកំពង់ផែទំនប់រលក ជាថ្នូរទទួលបានសំណូកពុករលួយ គឺត្រូវកសាងសំណុំរឿងបញ្ជូន បុគ្គលទាំងនោះទៅកាន់តុលាការផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន និងឈានទៅបង្កើនប្រាក់ចំណូលពន្ធរដ្ឋនាថ្ងៃអនាគត។

ទោះជាបែបនេះក្តី អ្នកយកព័ត៌មានគេហទំព័រ សារព័ត៌មាន ចាប់ដៃ មិនទាន់អាចទាក់ទង លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ និង ប្រធានការិយាល័យគយយ និងរដ្ឋាករទំនប់រលក ដើម្បីឆ្លើយបំភ្លឺជុំវិញបទចោទប្រកាន់សង្ស័យថា នៅតាមច្រកកំពង់ផែឯកជនមួយចំនួន នាខេត្តព្រះសីហនុ មានលួចនាំចូលទំនិញគេចពន្ធខុសច្បាប់ បបាននៅបាននៅឡើយទេ ដោយមិនលេខទូរស័ព្ទទំនាក់ទំនង។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com