0

ឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមច្រករបៀងអូរបីជាន់ យ៉ាងអនាធិបតេយ្យដោយមានការបេីកពីលោក ឃួន ជឿន មេវិរយោធាព្រំដែន ៥០៣!

ខេត្តបន្ទាយមានជ័យ, កន្លងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បិទច្រករបៀងទាំងអស់តាមព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសន្តិសុខតាមខ្សែព្រំដែនប្រកបដោយប្រសិទ្ធភាព។

ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀងបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធាវរការពារព្រំដែនគោកលេខ៥០៣ នៅតែបន្តដំណើរការយ៉ាងរលូន។ ចំណែកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសឆ្លងដែនតាមច្រករបៀងអូរបីជាន់ កើតឡើងយ៉ាងពេញបន្ទុកហើយឈ្មួញមួយចំនួនបន្តនាំចូលម៉ូតូគេចពន្ធ និងរថយន្តចង្កូតស្ដាំតាមច្រកនេះយ៉ាងគឃ្លើនទៀតផង។

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក ឃួន ជឿន មេបញ្ជាការយោធាវរការពារព្រំដែនលេខ៥០៣ ហ៊ានឃុបឃិតឲ្យមន្ត្រីក្រោមឱវាទបើកច្រករបៀងអូរបីជាន់ យ៉ាងគឃ្លើនគឺដោយសារអាងមានលោក ប៊ុន សេង មេបញ្ជាការយោធាយោធភូមិភាគ៥ ជាបង្អែកដ៏រឹងមាំ។ ដូច្នេះហើយទើបលោក ឃួន ជឿន មិនខ្វល់ទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នោះទេហើយនៅតែបណ្ដោយឲ្យច្រករបៀងអូរបីជាន់ ដំណើរការយ៉ាងរលូននិងមានឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជាជ្រូកគោក្របី មាន់ទា តាមច្រកនេះយ៉ាងពេញបន្ទុក។ ករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ តាមច្រករបៀងអូរបីជាន់ កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើមន្ត្រីពុករលួយ។

បើតាមការបង្ហើបពីមន្ត្រីយោធានៅក្នុងអង្គភាពវរការពារព្រំដែនលេខ៥០៣ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការឃុបឃិតឲ្យច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តកណ្ដាល ប្រព្រឹត្តទៅដោយរលូន។ ចំណែកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ កំពុងរក្សាភាពស្ងប់ស្ងាត់បើទោះបីច្រករបៀងអូរបីជាន់ និងច្រករបៀងជាច្រើនកន្លែងទៀតក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក និងស្រុកស្វាយចេក កំពុងដំណើរការយ៉ាងរលូនក៏ដោយ។

ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះបទល្មើសឆ្លងដែនតាមច្រករបៀងច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com