l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ អាចមានជំទាវ គុណ ញឹម នៅពីក្រោយទើបហ៊ានបើកឲ្យទំនិញគេចពន្ធនិងកាកសំណល់ពីវៀតណាមចូលកម្ពុជាយ៉ាងគឃ្លើន!
0

លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ អាចមានជំទាវ គុណ ញឹម នៅពីក្រោយទើបហ៊ានបើកឲ្យទំនិញគេចពន្ធនិងកាកសំណល់ពីវៀតណាមចូលកម្ពុជាយ៉ាងគឃ្លើន!

ខេត្តតាកែវ៖អ្នកឃ្លាំមើលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ មិនត្រឹមតែទំនិញ គេចពន្ធហូរចូលប៉ុណ្ណោះទេ ក្នុងនោះ លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដិននេះតែម្តង បានអនុញ្ញាតឲ្យឈ្មួញនាំចូលនូវ កាកសំណល់ ពីប្រទេសវៀត ណាម ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ។

តាមការរិះគន់ចំៗថា កាកសំណល់ (សម្បកកំប៉ុង) ត្រូវបានគេដឹក ជញ្ជូនពីប្រទេសវៀតណាម តាមច្រកភ្នំដិន ក្នុងនោះ គឺមាននាយនគរ បាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យនគរបាលអន្តោ ប្រវេសន៍ ច្រកភ្នំដិននេះ តែម្តង ជាអ្នក ចេញមុខ ស៊ីឈ្នួល ដឹកកាក សំណល់នេះ ដោយមានឈ្មោះ ចែ ពៅ ជាអ្នកយកលុយពីឈ្មួញវៀតណាម ដើម្បីមករត់ការជា មួយសមត្ថកិច្ច នៅច្រក ភ្នំដិន និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។

មន្រ្តីច្រកបង្ហើបថា លោកជ្រឹង ឆាយ មានរថយន្តសម្រាប់ ស៊ីឈ្នួលដឹកជញ្ជូនកាកសំណល់នេះ ដោយឡែកចែ ពៅ គឺជាអ្នកយក លុយ ពីវៀត ណាម មករត់ការ ដោយក្នុងមួយតោន ចែពៅ យកតម្លៃ៨០ដុល្លារ ដូច្នេះ ក្នុងមួយថ្ងៃ លោក ខៀវ សាម៉េត មេច្រក ភ្នំដិន បានអនុញ្ញាត ឲ្យកាកសំណល់នេះហូរចូល ចាប់ពី៦០តោនទៅ១២០តោន ស្មើនឹង ២រថយន្តយីឌុបទៅ ៤រថយន្តយីឌុប ។ទំនិញប្រភេទនេះ ត្រូវបានហាមឃាត់ ដែលជាទូទៅ សមត្ថកិច្ចគយ ត្រូវតែបង្ក្រាប និងតម្រូវឲ្យនាំកាក សំណល់ទាំង នេះ ទៅកាន់ ប្រទេសដើមវិញ ប៉ុន្តែ ដោយ សារអំពើពុករលួយ ការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធ ទើបធ្វើឲ្យលោក ខៀវ សាម៉េត បើកដៃ ឲ្យឈ្មួញនាំកាក សំណល់ចូលយ៉ាង ពេញទំហឹង ។

សមត្ថកិច្ចច្រកលើកឡើងដែរថា លោក ខៀវ សាម៉េត មេគយច្រកអន្តរជាតិភ្នំដិន បានទទួលកម្រៃ សេវាក្រោមតុ ពីទំនិញ នាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញ ពីបង់ពន្ធនាំចូលខ្ពស់ មកបង់ ពន្ធនាំចូលទាប ទទួល បានចំណូល ជាប្រភពសេដ្ឋកិច្ចបុគ្គល និងបក្ខពួក ក្នុងមួយថ្ងៃៗរាប់ម៉ឺនដុល្លាររួច ទៅហើយ ក៏នៅតែឆ្លៀតឱកាស ឲ្យនាំចូលកាក សំណល់ ដែលច្បាប់ហាមឃាត់នោះទៀតផង ។

គួររម្លឹកថា បញ្ហាកាកសំណល់នេះ មិនត្រឹមតែលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា រឹតបន្តឹង ប៉ុណ្ណោះទេ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញចំណារមួយផងដែរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិត លេខ១៤០៨ សសវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតឲ្យមានការនាំចូលកាកសំណល់ ។ ប៉ុន្តែលោកខៀវ សាម៉េត ដែលនឹងត្រៀមចូលនិវត្តន៍នេះ ហាក់ដូចជាប្រឹងប្រមូល នូវប្រភពសេដ្ឋកិច្ចនៃអំពើ ល្មើសច្បាប់ សម្រាប់ទឹកចុង ក្រោយនៃខ្លួនចូលនិវត្តន៍ ក្នុងនោះគឺអនុញ្ញាតឲ្យលោក ជ្រឹង ឆាយ នាយរងការិយាល័យ នគរបាល អន្តោប្រវេសន៍ ច្រកអន្តរជាតិភ្នំដិននេះ ដឹកជញ្ជូនទំនិញគេចពន្ធ និងអនុញ្ញាតឲ្យនាំចូលកាកសំណល់ យ៉ាងអនាធិបតេយ្យ។

អង្គភាពគេហទំព័រសារព័ត៌មាន ចាប់ដៃ និង ស្វែងរកការបំភ្លឺពីលោក ខៀវ សាម៉េត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន ពាក់ព័ន្ធរឿងខាងលើនេះ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com