0

មេឈ្មួញឈេីឈ្មោះ ចែផេង បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកឈូក ទៅចែកចាយតាមដេប៉ូក្នុងស្រុកផ្សេងៗនៃខេត្តកំពត យ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទេ។

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែផេង បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកឈូក ទៅចែកចាយតាមដេប៉ូក្នុងស្រុកផ្សេងៗនៃខេត្តកំពត យ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទេ។ សេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថាឈ្មួញឈ្មោះ ចែផេង ចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតជាប្រចាំទើបអាចគេចផុតពីការបង្ក្រាប។ ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែផេង បានឲ្យដឹងថា មេរដ្ឋបាលព្រៃឈើខេត្តកំពត និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឈូក ស្រុកជុំគិរី បានចាត់ទុកឈ្មួញម្នាក់នេះជាប្រភពចំណូលរបស់ពួកគេ ហើយជួយបិទបាំងសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញរូបនេះទៀតផង។

ប្រជាពលរដ្ឋក្នុងស្រុកឈូក បានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែផេង ដើរប្រមូលទិញឈើពីឈ្មួញតូចតាចនៅក្នុងស្រុកជុំគិរី និងស្រុកឈូក ដឹកយកមកស្តុកទុកក្នុងផ្ទះរបស់ខ្លួន ពេលប្រមូលទិញបានច្រើនទើបដឹកជញ្ជូនទៅចែកចាយតាមដេប៉ូក្នុងស្រុកនានា។ ប្រភពបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចនគរបាល សមត្ថកិច្ចអាវុធហត្ថក្នុងស្រុកឈូក មិនដែលប៉ះពាល់ឈ្មួញឈ្មោះ ចែផេង ទាល់តែសោះព្រោះខ្លាចបាត់បង់ប្រភពចំណូលរបស់ពួកគេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែផេង ប្រមូលទិញឈើមកស្តុកទុកក្នុងផ្ទះរបស់ខ្លួននៅភូមិស្ទឹង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ហើយបន្តដឹកចេញទៅចែកចាយតាមដេប៉ូក្នុងបណ្ដាស្រុកនានា ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ទាល់តែសោះ។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពត បានឲ្យដឹងថា សកម្មភាពរបស់ឈ្មួញឈ្មោះ ចែផេង ត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកំពត និងមេរដ្ឋបាលព្រៃឈើខេត្តកំពត ដឹងយ៉ាងច្បាស់ប៉ុន្តែដោយសារពួកគេជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនចាត់វិធានការបង្ក្រាប។ ក្នុងនោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកឈូក និងស្រុកជុំគិរី គឺជាអ្នកប្រមូលផលប្រយោជន៍យកទៅចែកចាយឲ្យមេៗនៅខាងលើជាប្រចាំ ហេតុនេះហើយទើបឈ្មួញឈ្មោះ ចែផេង អាចធ្វើសកម្មភាពប្រមូលទិញឈើក្នុងស្រុកឈូក និងស្រុកជុំគិរី ដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសល់បន្តិចបន្តួចក្នុងស្រុកឈូក និងស្រុកជុំគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះឈ្មួញតូចតាចកាប់ឈើទុកលក់ឲ្យឈ្មួញឈ្មោះ ចែផេង ហើយឈ្មួញម្នាក់នេះបន្តសកម្មភាពដឹកជញ្ជូនឈើទៅចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងទឹកដីខេត្តកំពត យ៉ាងរលូន។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យមើលខ្លះផងព្រោះឈ្មួញឈ្មោះ ចែផេង នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជុំគិរី និងស្រុកឈូក ខេត្តកំពត យ៉ាងពេញបន្ទុកគ្មានញញើតអ្វីឡើយ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com