l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ណុប សំអាននិងលោក កែវ អង្កាម ទំនង អាង លោក គុណ ញឹម អគ្គនាយកគយនៅពីក្រោយទើបហ៊ានប្រព្រឹត្តអំពើពុករលួយបានដោយគ្មានការស៊ើបអង្កេត
0

លោក ណុប សំអាននិងលោក កែវ អង្កាម ទំនង អាង លោក គុណ ញឹម អគ្គនាយកគយនៅពីក្រោយទើបហ៊ានប្រព្រឹត្តអំពើពុករលួយបានដោយគ្មានការស៊ើបអង្កេត

ខេត្តព្រះសីហនុ ៖ ទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានគេទទួលស្គាល់ថា បានឡើងតាមទូកពីប្រទេសថៃមក ចូលចតនៅផែទំនប់រលក ខេត្តព្រះសីហនុ និងមានទំនិញមួយចំនួនទៀតបង់ពន្ធនាំចូលដែរ ប៉ុន្តែបង់ពន្ធមិន គ្រប់ និងក្លែងភេទទំនិញពីទំនិញបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធជាទំនិញបង់ពន្ធនាំចូលទាប ហើយមិនគ្រប់ ចំនួនទៀតផង ។

អំពើរត់ពន្ធទំនិញទាំងនេះ បង្កើតឡើងដោយលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់ រលក សហការជាមួយលោក កែវ អង្កាម គយចល័តប្រចាំការនៅផែទំនប់រលក ជាមេខ្លោងបើកភ្លើងខៀវឲ្យ ទំនិញគេចពន្ធហូរចូល ជាមួយនិងទង្វើដ៏មិនគម្បីតាមរយៈការគាបសង្កត់ឈ្មួញឲ្យបង់លុយតាមអំពើចិត្ត សុទ្ធតែ ជាចំណូលនៃប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គលមេគយទាំង២រូប បក្ខពួក ដោយគ្រាន់តែលោក ណុប សំអាន និង លោក កែវ អង្កាម អាចប្រមូលប្រភពសេដ្ឋកិច្ឋទាំងនេះយកទៅបំពេញតម្រូវការថ្នាក់លើ ។

ក្រុមឈ្មួញបានបញ្ជាក់យ៉ាងលម្អិតថា ទាំងលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់ រលក និង លោក កែវ អង្កាម គយចល័តប្រចាំការនៅផែទំនប់រលកបានបង្ខំឲ្យឈ្មួញបង់ប្រាក់ជាច្រើនដំណាក់កាល ទី១-មេគយទាំង២រូប បានយកលុយពីការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅលើទូក ដែលមកចតនៅកំពង់ផែ ទី២-លោក កែវ អង្កាម ក្រុមគយចល័តបានគំរាម និងតម្រូវឲ្យគយប្រចាំការនៅកំពង់ផែទំនប់រលក ត្រូវបង់លុយ មកឲ្យខ្លួន ក្នុងនាមគយចល័ត និងបង់លុយឲ្យគយចល័តសរុបរួម ទី៣-លោក ណុប សំអាន និង លោក កែវ អង្កាម បានយកលុយពីម្ចាស់ទំនិញ ដែលត្រូវលើកពីទូកយកមកដាក់លើគោក លើកដាក់រថយន្តនោះ ទី៤-លោក កែវ អង្កាម និង លោក ណុប សំអាន បានយកលុយពីក្រុមរថយន្តដឹកជញ្ជូនទំនិញទាំងនោះ ។

ឈ្មួញបញ្ជាក់ថា បើជាទំនិញធម្មតា លោក កែវ អង្កាម ផ្នែកគយចល័តបានយកលុយ ក្នុងមួយរថយន្ត១៥០ ដុល្លារ សម្រាប់កញ្ចប់រួមគយចល័ត និង ១០០ដុល្លារផ្សេងទៀតសម្រាប់បុគ្គលខ្លួនផ្ទាល់ ។ ករណីនេះ លោក កែវ អង្កាម ដែលត្រូវជាប្អូនបង្កើតរបស់លោក កែវ សុខឃាង ប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានអះអាងប្រាប់ឈ្មួញថា លុយបង់១០០ផ្សេងនេះ គឺសម្រាប់ចាត់ចែងជូនលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

មន្ត្រីគយបានលួចបង្ហើបថា លោកកែវ អង្កាម ពុំបានខ្លាចញញើតអនុវត្តតាមបទបញ្ជារបស់លោក កើត សុធារ៉ា ប្រធានគយចល័តទូទាំងប្រទេស និងជាមេកើយរបស់ខ្លួនទេ ដោយសំអាងថា ខ្លួនត្រូវបានលោកបណ្ឌិត គុណ ញឹម និង ភរិយា ឲ្យមកឈរជើងនៅកំពង់ផែទំនប់រលកនេះ ។ ដូច្នេះគាត់មិនត្រូវការស្តាប់បញ្ជានរណាក្រៅពី លោកបណ្ឌិត គុណ ញឹម និងភរិយានោះឡើយ ។ ក្រៅពីឲ្យឈ្មួញបង់ប្រាក់ក្នុងមួយរថយន្ត១៥០ដុល្លារ សម្រាប់ កញ្ចប់រួមគយចល័ត និង១០០ដុល្លារបន្ថែមទៀតសម្រាប់បុគ្គលលោក កែវ អង្កាមផ្ទាល់ នៅមានភាពមិនប្រក្រតី ប៉ះពាល់អាម្មណ៍ឈ្មួញរកស៊ីបង់ពន្ធស្របច្បាប់យ៉ាងធ្ងន់ធ្ងរ ។ ជាក់ស្តែងដូចជាករណីស្ករសជាដើម…ទោះជា មានពន្ធនាំចូលក៏ដោយ ក៏លោក កែវ អង្កាម បង្ខំបញ្ជា ជំរិត តម្រូវឲ្យបង់ពន្ធ ក្នុងមួយរថយន្តចំនួន៣០ដុល្លារ សម្រាប់កញ្ចប់រួមគយចល័ត និង២០ដុល្លារបន្ថែមទៀត សម្រាប់បុគ្គលខ្លួនគាត់ ហើយក៏ចាត់ទុកថាប្រាក់ទាំងនេះ ត្រូវចាត់ចែងឲ្យលោកបណ្ឌិត គុណ ញឹម និង ភរិយា ។

ដោយឡែកលោក ណុប សំអាន មិនត្រឹមតែឲ្យមន្ត្រីរបស់ខ្លួនយកលុយពីទំនិញលើទូក ចតលើផែនោះទេ យក លុយពីម្ចាស់អីវ៉ាន់ យកលុយពីឈ្មួញដឹកទំនិញ ក្នុងនោះបើឈ្មួញដឹកទំនិញ ទោះជារត់ការបង់ឲ្យមន្ត្រីរបស់គាត់ និងរត់ការឯកសាររួចរាល់ក៏ដោយ ក៏ត្រូវបង់ក្បាលរថយន្តពេលទំនិញដឹកចេញពីកំពង់ផែ យ៉ាងតិចក្នុងមួយរថ យន្ត៣០០-៥០០ដុល្លារ ។ មន្ត្រីបានលួចបង្ហើបថា លោក ណុប សំអាន គាត់ហ៊ានប្រព្រឹត្តអំពើពុករលួយ គាប សង្កត់ឈ្មួញតាមអំពើចិត្តបែបនេះ ដោយសំអាងថា រាល់ទំនិញដែលចូលតាមកំពង់ផែទំនប់រលកភាគច្រើនគឺ គេចពន្ធ ។ ដូច្នេះគាត់មានឱកាស គាបសង្កត់ឈ្មួញ ក៏ដូចជាទុកលទ្ធផលភាពឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ តាមអំពើចិត្ត ដោយគ្រាន់តែគាត់ឲ្យកូនចៅដើរប្រមូលកញ្ចប់ពីឈ្មួញប្រចាំខែ ឬពីការហូរចូលទំនិញទាំងនេះ សម្រាប់ផែនការតួលេខប្រចាំខែតែប៉ុណ្ណោះ ។

បញ្ហាអំពើពុករលួយនៅទំនប់រលក ដែលជាប្រភពសេដ្ឋកិច្ចរបស់មេគយ ណុប សំអាន ក៏ដូចជាលោក កែវ អង្កាម ខាងក្រុមគយចល័ត ក៏ត្រូវបានគេទម្លាយក្រុមឈ្មួញជាជនរងគ្រោះផង និងអ្នករកស៊ីគេចពន្ធផង មាន ចំនួនច្រើននាក់ ។ ក្នុងនោះរួមមាន ១-ឈ្មោះ គា ធី ២-យា វី ៣-ចែ រ៉ា ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និង មានចំនួនលើសពីនេះ ។ ឈ្មួញទាំងអស់សុទ្ធតែមានរថយន្តប្រភេទយីឌុបដឹកជញ្ជូនទំនិញ ក្នុងមួយក្រុមហ៊ុនៗ យ៉ាងតិចមួយយប់មាន២ទៅ៥រថយន្ត ឬ២០-៣០គ្រឿង ក្នុងឈ្មួញនីមួយៗ ។ ដូច្នេះទំហំ់នៃចំណូលកើតឡើង ដោយអំពើពុករលួយ ក្រោមការគ្រប់គ្រងពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក និង លោក កែវ អង្កាម ក្រុមគយចល័តទទួលបានកញ្ចប់ថវិកាខ្មៅ ក្នុងមួយខែរាប់ម៉ឺន រាប់សែនដុល្លារ។

ពាក់ព័ន្ធករណីនេះ អង្គភាពគេហទំព័រសារព័ត៌មានយេីងមិនអាចទំនាក់ទំនងបានទេពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក នៅថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក កែវ អង្កាម ផែ្នកគយចល័ត ដែលជាមេខ្លោងក្នុងការគាបសង្កត់ឈ្មួញឲ្យបង់លុយ បានប្រាប់ សាព័ត៌មាន តាមទូរស័ព្ទ យ៉ាងដូច្នេះថា «ចំពោះការលើកឡើងរបស់ឈ្មួញថាខ្ញុំយកលុយ យកកាក់នោះ មិនត្រឹមត្រូវទេ ហើយក៏ខ្ញុំមិន អះអាងថា ធ្វើត្រូវ១០០ភាគរយដែរ ព្រោះខ្ញុំមានប្រពន្ធមានកូន មានមន្ត្រី កូនចៅ មានកងកម្លាំងសម្រាប់ធ្វើកិច្ចការនេះ ដូច្នេះក៏ត្រូវការខ្លះដែរ ប៉ុន្តែមិនដល់១០០ភាគរយដូចគេចោទប្រកាន់នោះឡើយ ។ លោកបន្តថា បើសិន ជាខ្ញុំអនុវត្តខុសប្រហែលជាថ្នាក់លើមិនឲ្យមកកាន់ទីនេះទេ ដូច្នេះកុំជឿតាមឈ្មួញ ដែលចោទប្រកាន់ថាយក លុយច្រើននោះអី» ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com