l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក ណុប សំអាន មេគយទំនប់រលកកំពុងតែប្រេីអំណាចគាបយកលុយពីពួកឈ្មួញតាមបែបពុករលួយ។
0

លោក ណុប សំអាន មេគយទំនប់រលកកំពុងតែប្រេីអំណាចគាបយកលុយពីពួកឈ្មួញតាមបែបពុករលួយ។

ពីខេត្តព្រះសីហនុ ; ប្រភពពីក្រុមឈ្មួញនាំចូលទំនិញតាមទូក តាមកប៉ាល់ មកឡើងនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន មេគយច្រកទំនប់រលក កំពុងតែប្រើអំណាចគាបយកលុយពីពួកគាត់កាន់តែច្រើនឡើងៗទៅតាមល្បិចកលរបស់ខ្លួន។

ប្រភពបានឲ្យដឹងទៀតថាលោក ណុប សំអាន បានបង្ខំឲ្យពួកគាត់បង់លុយក្រៅផ្លូវការឬរាប់ក្បាលរថយន្តដឹកជញ្ជូនទំនិញពីផែទំនប់រលក យកលុយដោយមិនចេញវិក្កយបត្រនោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឡើងវិញទៅលើរឿងអាស្រូវតាមច្រើនរូបភាពរបស់លោក ណុប សំអាន ជាបន្ទាន់

ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ឈ្មួញជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលក កាន់តែច្រើនឡើងៗដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាន និងលោក កែវ អង្កាម មន្ត្រីគយចល័តប្រចាំច្រកទំនប់រលក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញសម្រុកនាំចូលតាមច្រកទំនប់រលក មានដូចជាស្ករស ទំនិញចាប់ហួយ ស្រាបៀរ សំបកកង់រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ ព្រមទាំងប្រេងសាំងផងដែរ។ ឈ្មួញទាំងនោះមានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ចែរ៉ា ឈ្មួញឈ្មោះ ចែរី ឈ្មួញឈ្មោះ ណុប ឈ្មួញឈ្មោះ កូ ឈ្មួញឈ្មោះ សុខុម និងឈ្មួញឈ្មោះ ហួត ជាដើមហើយឈ្មួញទាំងអស់នេះ គឺជាឈ្មួញជើងចាស់យូរឆ្នាំមកហើយ។

ប្រភពដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទំនប់រលក បានឲ្យដឹងថាលោក ណុប សំអាន បានប្រើអំណាចគាបយកលុយពីឈ្មួញច្រើនដំណាក់ការស្រេចតែអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីឡើយ។ អ្វីដែលធ្វើឲ្យឈ្មួញមួយចំនួនបញ្ចេញប្រតិកម្មនោះ គឺបើទោះបីពួកគេនាំចូលទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្បាលរថយន្តក្នុងមួយគ្រឿងពី៣០០ទៅ៥០០ដុល្លារនោះទេ។ ជាងនេះទៅទៀតលោក ណុប សំអាន បានតម្រូវឲ្យឈ្មួញបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាងតិចពី៧០ដុល្លារឬជាង១០០ដុល្លារ ហើយគ្មានឈ្មួញណាអាចតវ៉ាបានឡើយ។ ហេតុនេះហើយទើបឈ្មួញមួយចំនួនបានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន មេគយច្រកទំនប់រលកផងដែរ ព្រោះបច្ចុប្បន្ននេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងបណ្ដែតបណ្ដោយឲ្យលោក ណុប សំអាន ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត៕


ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com