0

ឧកញ៉ា សឹង សំអុល ប្រើប្រាស់កងកម្លាំង និងក្រុមកងសន្តិសុខច្រើននាក់តាមប្រមាញ់គំរាមកំហែងបំបាក់ស្មារតីក្រុមអ្នកសារព័ត៌មាន បើខ្លួនរកស៊ីឈើស្របច្បាប់?

ខេត្តមណ្ឌលគិរី៖ គេទទួលស្គាល់ថា មួយរយៈពេលកន្លងទៅនេះ ឧកញ៉ា សឹង សំអុល ជំនាញខាងរកស៊ីដឹកជញ្ជូនបទល្មើសព្រៃឈើ តែងមានប្រតិកម្ម និងចាត់ទុកអ្នកសារព័ត៌មានជាផ្ទាំងស៊ីប ជាសត្រូវ ខណៈករណីខ្លះ ពួកគេបានរំខានចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ និងខ្លះទៀត បានដឹងមុនពីគម្រោង ដឹកជញ្ជូនព្រៃឈើ ក៏ដូចជាសកម្មភាពកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សភ្នំព្រិច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះជាដើម ។

ក្នុងអំឡុងពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឧកញ៉ាសឹង សំអុល បានប្រើប្រាស់កម្លាំងសមត្ថកិច្ច និងកងកម្លាំងសន្តិសុខជាច្រើននាក់ ដើម្បីការពារផ្លូវទៅកាន់ទីតាំងក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ ដែលជាទីតាំងលើកឈើរបស់ឧកញ៉ាសឹង សំអុល ។ ក្នុងនោះ សមត្ថកិច្ចមិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់នោះ ពិសេសឧកញ៉ា សឹង សំអុល ជាបុគ្គលឆ្ងាញ់នឹងបទល្មើសព្រៃឈើ ក៏បានប្រើប្រាស់កងកម្លាំងបញ្ជាឲ្យប្រមាញ់ចាប់អ្នកកាសែត ក៏ដូចជាមន្ត្រីផ្សេងៗ ។ យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានពួកគេអះអាងថា ជាអង្គការឃ្លាំមើលបទល្មើសព្រៃឈើ និង២នាក់ផ្សេងទៀត ជាអ្នកកាសែតក្នុងស្រុក ត្រូវបានកងសន្តិសុខរបស់ឧកញ៉ា សឹង សំអុល តាមប្រមាញ់ចាប់ និងឆែកឆេររកសម្ភារ ម៉ាស៊ីនថត ទូរស័ព្ទ ពិសេសដ្រូន សម្រាប់ថតពីលើអាកាស ដោយឧកញ៉ា សឹង សំអុល បញ្ជាឲ្យបោកកម្ទេចចោល បន្ទាប់ពីក្រុមពួកទាំងនេះបានចូលទៅក្នុងព្រៃ ឃើញពីសកម្មភាពឧកញ៉ា សឹង សំអុល ប្រើប្រាស់កម្មករលើកឈើ ដាក់រថយន្តយីឌុបប្រភេទធំៗ យ៉ាងតិចចំនួន២០គ្រឿង កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

គេបានរាយការណ៍មកថា ឧកញ៉ាសឹង សំអុល បានប្រើប្រាស់កម្លាំងសន្តិសុខប្រមាណជិត២០នាក់ ប្រើប្រាស់រថយន្តជាមធ្យោបាយ២គ្រឿង និងម៉ូតូ១២គ្រឿងប្រមាញ់ចាប់ក្រុមអ្នកកាសែត ដោយគំនុំ និងកំហឹង ពុំបានគិតអំពីទិដ្ឋភាពផ្លូវច្បាប់ ។ ទង្វើបែបនេះ ត្រូវបានគេរិះគន់ថា ប្រសិនបើឧកញ៉ាសឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ មានច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ដោយស្របច្បាប់ ចាំបាច់អី លោកមកចងកំហឹងកម្មពៀរជាមួយអ្នកសារព័ត៌មាន ខណៈយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ឬមួយក៏សកម្មភាពដឹកជញ្ជូននេះ មានលក្ខណៈចន្លោះប្រហោងផ្នែកច្បាប់ ទី១ អាចប្រមូលទិញឈើ ដែលកាប់បំផ្លាញក្រៅពីក្រុមហ៊ុនអូសចូល ទី២ ផ្ទុកលើសច្បាប់អនុញ្ញាត ទី៣ ប្រើប្រាស់រថយន្តដឹកជញ្ជូនមិនត្រូវនឹង ប៉េសេ ទី៤ ផ្ទុកលើសទម្ងន់ក្នុងចេតនាបំផ្លាញផ្លូវជាតិ ទី៥ អាចមិនបានចែកចាយក្នុងស្រុក បម្រុងដឹកជញ្ជូនឆ្លងដែននេះជាដើមក៏អាចថាបាន ។

បើតាមការអះអាងពីលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីប្រាប់អ្នកកាសែតក្នុងស្រុក លោកបានបញ្ជាក់ថា ឈើនេះមានច្បាប់ គ្រាន់តែពុំទាន់បានវាស់វែងដើម្បីលើកដាក់ឡាន ។ បើនាយខណ្ឌរដ្ឋបាលព្រៃឈើបញ្ជាក់បែបនេះ មានន័យថា ទិដ្ឋភាពផ្លូវច្បាប់ក្នុងការដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹង សំអុល មិនទាន់មានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់នោះទេ ព្រោះលើកដាក់ឡានមុនការវាស់វែងរបស់ជំនាញ ។ លោកឡែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី មិនបានបកស្រាយក្នុងហេតុផលតាមផ្លូវច្បាប់នោះទេ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកកាសែតក្នុងស្រុកថា រាល់ការដឹកជញ្ជូនឈើទាំងនោះ សុទ្ធតែមានច្បាប់ ទើបគេហ៊ានធ្វើ ។

នរណាៗ ក៏ដឹងដែរថា ឧកញ៉ា សឹង សំអុល ប្រហែលជាមិនអាចស្កប់ស្កល់ ចៀសមិនផុតពីមុខរបរជំនួញឈើនោះទេ គាត់ប្រើគ្រប់មធ្យោបាយដើម្បីទទួលបានច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ប៉ុន្តែជាទម្លាប់ គាត់បានប្រើប្រាស់ និងកេណ្ឌប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើក្នុងដែនអភិរក្ស ដូចជាថ្មីៗនេះ រថយន្តបាកុង និងត្រាក់ទ័រ គោយន្តកន្ត្រៃមានដូចស្រមោច ពេញព្រៃ ត្រូវបានបញ្ជូនទៅកាប់ឈើ អូសជញ្ជូនឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃហាមឃាត់ ប៉ុន្តែសកម្មភាពនេះត្រូវបានបរាជ័យ ខណៈសមត្ថកិច្ចចុះបង្ក្រាប និងសមត្ថកិច្ចមួយចំនួនផ្សេងទៀតមិនមែនចុះទៅបង្ក្រាបទេ គឺចុះទៅដេញ និងប្រាប់ឲ្យក្រុមឡានបាកុង ក្រុមត្រាក់ទ័រ ក្រុមគោយន្តកន្ត្រៃត្រឡប់ចេញពីព្រៃវិញ ដោយសារតែសកម្មភាពទាំងនេះបែកការដល់ថ្នាក់លើ ពិសេសពួកគេអាចទទួលបាននូវកញ្ចប់ទើប ភារកិច្ច តួនាទីបង្ក្រាប ទៅជាផ្តល់ព័ត៌មានឲ្យជនល្មើសចាកចេញពីតំបន់ព្រៃឈើ ។

បច្ចុប្បន្នឧកញ៉ា សឹង សំអុល មានប៉េសេដឹកឈើ គាត់បានប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ធ្វើបំបាក់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែគេអាចស្គាល់អំពីសកម្មភាពនៃការដឹកជញ្ជូនឈើនេះ ចៀសមិនផុតពីឧកញ៉ា សឹង សំអុល ដឹកលើសប៉េសេ ផ្ទុកលើសទម្ងន់ ទទួលទិញឈើមកពីខាងក្រៅក្រុមហ៊ុននោះជាការពិត ហើយប្រជាពលរដ្ឋហ៊ានទាំងអះអាងថា ទឹកដីខេត្តមណ្ឌលគិរី គឺស័ក្តិសិទ្ធិណាស់ បើរកស៊ីស្របច្បាប់នោះមិនអីទេ តែបំពាននឹងច្បាប់ ក៏មិនអាចទទួលបាននូវផលចំណេញដោយអំពើទុច្ចរិតនោះឡើយ ដូច្នេះបើឧកញ៉ា សឹង សំអុល មានច្បាប់គ្រប់គ្រាន់ហើយ ចាំបាច់អីទៅកេណ្ឌសមត្ថកិច្ច ក្រុមសន្តិសុខ តាមប្រមាញ់ ដេញចាប់ប្រមាថ គំរាមកំហែងធ្វើបាបអ្នកកាសែត ដែលគ្នារកតែអង្ករច្រកឆ្នាំងសឹងមិនបានផងនោះ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com