គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » លោក គង់ សម្រេច មេគយច្រកស្រែអំបិល ល្បីខាងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដោយសេរី
0

លោក គង់ សម្រេច មេគយច្រកស្រែអំបិល ល្បីខាងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដោយសេរី

ខេត្តកោះកុង៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានបង្ហើបឲ្យដឹងថា លោក គង់ សម្រេច ដែលជា មេគយច្រកនេះ គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ រាប់សិបតោនក្នុង១ថ្ងៃៗ ដែលជាហេតុធ្វើ ឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ប្រការនេះ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវពិនិត្យឡើងវិញ ជាបន្ទាន់ ដើម្បីកុំឲ្យ លោក គង់ សម្រេច ធ្វើអី្វៗតាម អំពើចិត្តទៀត។ ដោយហេតុថា ច្រើនខែមកហើយ ដែល លោក គង់ សម្រេច ធ្វើជាមេគយច្រកស្រែអំបិល ហើយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់ កំពង់ផែស្រែអំបិល បានឲ្យដឹងថា នៅកំពង់ផែ នៃច្រកស្រែអំបិល ឈ្មួញបាននាំចូលទំនិញ តាមទូកធំៗ ដែលមានចំណុះរាប់សិប តោន ហើយភាគច្រើន នៃទំនិញទាំងនោះ គឺជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់។ ចំពោះរថយន្ត ដែលមានអាទិភាពក្នុងការដឹកទំនិញចេញពីកំពង់ផែមួយនេះ គឺមានត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះគឺក្រុមហ៊ុនកៀធី ក្រុមហ៊ុនឡុងម៉េង និងក្រុមហ៊ុនMDH ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូល តាមច្រកកំពង់ផែស្រែអំបិល ខេត្តកោះកុង ដោយសារតែមាន ការបើកដៃពី លោក គង់ សម្រេច ។

ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល មានដូចជា គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ទូរសព្ទ័ ស្រាថ្លៃៗ ស្រាបៀសឹង្ហ(ស្រាបៀសឹង្ហមិនបង់ពន្ធជូនរដ្ឋទេ) តែ ស្រាបៀលីអូ បង់ពន្ធជូនរដ្ឋតែ ២០% ប៉ុណ្ណោះ)  និងទំនិញជាច្រើនប្រភេទទៀត ដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។ ចំណែកឯនៅក្នុងឯកសារពន្ធ (ប្រតិវេទ) មិនមានឈ្មោះក្រុមហ៊ុនទាំង៣ខាងលើឡើយ ដោយគេបានប្រើឈ្មោះផ្សេងមកជំនួស។

ប្រភពខ្លះបានឲ្យដឹងថា តាមរយៈការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមអំពើចិត្ត គឺ លោក គង់ សម្រេច ប្រធានស្នាក់ការ គយច្រកស្រែអំបិល អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត។

សមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានអះអាងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ តាមច្រកនេះ គឺសុទ្ធតែជាម៉ូយចាស់របស់ លោក គង់ សម្រេច ដោយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងរលូន។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរស៊ើបអង្កេតទៅលើ ករណីមេគយច្រកស្រែអំបិល ឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាបន្ទាន់ផងដែរ ព្រោះបញ្ហានេះ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

KA-33338881-180x126

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com