l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » បែកធ្លាយការឃុបឃិតគ្នារវាងមន្ទីរសុខាភិបាលនិងមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង លួចលាក់មន្ត្រីខ្មោច កាន់តែច្បាស់!
0

បែកធ្លាយការឃុបឃិតគ្នារវាងមន្ទីរសុខាភិបាលនិងមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង លួចលាក់មន្ត្រីខ្មោច កាន់តែច្បាស់!

ខេត្តស្វាយរៀង ៖ ក្រោយពីការរំជើបរំជួលដោយរឿងអាស្រូវជាច្រើននៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងដែលបង្កឡើងដោយ លោក កែរ រដ្ឋា ជាប្រធានមន្ទីររួមមានការបញ្ចូលបុគ្គលិកស្ម័គ្រចិត្តនិងកិច្ចសន្យាទៅក្នុងមន្ទីរពេទ្យខេត្ត(ដោយគ្មានការអនុញ្ញាត្តពីក្រសួងសុខាភិបាល) ដោយស៊ីសំណូកគេពី៥០០ ទៅ ២០០០ដុល្លា, រឿងបណ្ដេញចោលនូវមន្ត្រីកិច្ចសន្យាដែលមិនព្រមទៅបំរើការងារនៅគ្លីនិចរបស់គាត់យកឈ្មោះគេលក់ឲ្យអ្នកផ្សេង, រឿងតែតាំងនិងដោះដូរមន្ត្រីខុសនីតិវិធី និង ពុករលួយនៅមណ្ឌលសុខភាពដូងស្រុករមាសហែក,រឿងយកក្រុមហ៊ុនខ្លួនឯងទៅដេញថ្លៃលទ្ធកម្មនៅមន្ទីរសុខាភិបាល,បញ្ហាលុយជំនួយ ADB, រឿងកាបសង្កត់ធ្វើទុក្ខបុកម្នេញមន្ត្រីរាជការដែលមិនព្រមស៊កសៀតលន់តួលុតក្រាបជាមួយ លោក កែរ រដ្ឋា, រឿងលួចលាក់មន្ត្រីខ្មោចទុកស៊ីលុយប្រាក់ខែដែលបណ្ដាឲ្យមហាជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលទូទាំងប្រទេសពិសេសមន្ត្រីរាជការសុខាភិបាលទូទាំង ខេត្តស្វាយរៀង មានការថ្នាំងថ្នាក់ និងអន់ចិត្តជាខ្លាំង ។ ហើយនោះក៏អាចជាមូលហេតុដែលធ្វើឲ្យ លោក កែរ រដ្ឋា ចុះពង្រឹងការងារបក្សទីណាគឺចាញ់ទីនោះតែម្ដង ទើបនៅព្រឹកថ្ងៃទី  ១៤ កញ្ញា ២០១៧ នា សាលប្រជុំ សណ្ឋាគារ ទន្លេ វ៉ៃគោ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានបើកវេទិការ សាធារណៈមួយ ដើម្បីស្វែងយល់ពី វឌ្ឍនភាព និង បញ្ហាទាំងឡាយ ដែលវិស័យសុខាភិបាល ក្នុងខេត្តស្វាយរៀង កំពុងប្រឈម ។

 នៅចំពោះមុខឯកឧត្តមអភិបាលខេត្តនិងមន្ត្រីរាជការ ប្រមាណជា៣០០នាក់ លោក កែរ រដ្ឋា មិនភ្លេច បញ្ចេញចរិកធួរថ្លៃ ដោយអួតពីភាពត្រចះត្រចង់របស់ខ្លួនក្នុងការដឹកនាំ វិស័យសុខាភិបាល ទូទាំងខេត្តអោយរីកចំរើន មហិមា គ្មាននរណាធ្វើដូច ហើយក៏ឆ្លៀតវ៉ៃប្រហារ កូនចៅឯង ដែលមិនរណបនឹងខ្លួនសុទ្ធតែគេធ្វើអោយខូចប្រជាប្រិយភាពមន្ទីរពេទ្យខេត្ត។ ប៉ុន្តែមិនហំហែងឯណា លោក កែរ រដ្ឋា និងក្រុមអែបអប អាម៉ីអាថោងត្រូវបានមន្ត្រីរាជ បកអាក្រាតក្នុងវេទិការនោះ ស្ទើរលេចពងកណ្ដាលវាល ហើយចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគី បានលេចធ្លាយកាន់តែច្បាស់នូវ ការលួចលាក់មន្ត្រីឈ្មោះ កង អូន ដែលត្រូវបានក្រសួងសុខាភិបាល លុបឈ្មោះហើយនោះ។ ក្នុងវេទិការនោះ ឯកឧត្តម អភិបាលខេត្តបានចោទសួរ ពីប្រាក់ខែ របស់ឈ្មោះ កង អូន ចំនួន ៧ខែ តើទៅណា នរណាបើក? លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល និង លោក គង់ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀងឆ្លើយថា សាម៉ីខ្លួនគេជាអ្នកបើក ហើយ ឥឡូវបានបង្វិលចូល រដ្ឋអស់ហើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បង្វិលតាមណា?  បើទោះបីជាបង្វិលចូលរដ្ឋវិញ ក៏នៅតែមានទោសដែរ  ! !!។

 ការដែលលោកប្រធានមន្ទីរ កែរ រដ្ឋា និង លោក គង់ ចាន់ថន និយាយថា សាម៉ីខ្លួនជាអ្នកបើកប្រាក់ខែយក ៧ ខែ ដោយខ្លួន ឯង វា ផ្ទុយគ្នាស្រឡះទៅនឹងការអះអាង របស់ លោក កង អូន ដែលថា ” ខ្ញុំមិនដែលបានបើកប្រាក់ខែនោះទេ ហើយខ្ញុំបានដោះស្រាយឲ្យគេ រួចរាល់អស់ ហើយ……………..។

ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថាលោក កង អូន ត្រូវបាន ក្រុមលេខារបស់លោក កែរ រដ្ឋា កោះហៅឲ្យមកបំពេញបែបបទ (លាងគូថ ឲ្យលោក កែរ រដ្ឋា) ផ្ទេរលុយចូលរដ្ឋវិញ កាលពីដើមខែកញ្ញានេះ។

គួរបញ្ជាក់ថាលោក កង អូន ជាវេជ្ជបណ្ឌិត ចូលទៅបំរើការងារក្នុងក្របខណ្ឌ ក្រសួង សុខាភិបាល និងត្រូវបានចាត់ឲ្យទៅបំរើការងារ នៅមន្ទីរពេទ្យបង្អែកជីភូតាំងពីឆ្នាំ ២០០៨ មកម្លេះតែបុគ្គលិកនៅទីនោះថាមិនដែលស្គាល់និងមិនដែលឃើញគាត់មកធ្វើការទេ ហើយបានព្យួរការងារចំនួនពីរលើក ២០១២ ដល់ ២០១៤និង ២០១៥ ដល់ខែ កុម្ភៈ ២០១៧ ទើបចូលធ្វើការវិញ។

អំឡុងខែមេសា ឆ្នាំ២០១៧ មន្ទីរមុខងារសាធាណៈ សហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងក្រសួងមុខ ងារសាធារ ណៈ ធ្វើជំរឿនមន្ត្រីរាជការ នៅក្រោមឱវាទ មន្ទីរសុខាភិបាល ខេត្តស្វាយរៀងប៉ុន្តែ ប្រធានមន្ទីរទាំងពីរបែរ ជាលួចលាក់ ពីអវត្តមាន ពីការងារ របស់លោកវេជ្ជបណ្ឌិត កង អូន ទៅវិញ។ ដល់ចុងខែកក្កដា ២០១៧ ទើបរឿងនេះបែកធ្លាយ ក៏បង្ខំ ឲ្យប្រធានមន្ទីរពេទ្យជីភូ ធ្វើរបាយការណ៍ពីអវត្តមានរបស់លោកកងអូន ចាប់ពីខែកុម្ភៈនោះមក ពេលបញ្ជូនឯកសារសុំលុបឈ្មោះពីក្របខណ្ឌដល់ក្រសួងសុខាភិបាល ខាងនាយកដ្ឋានរដ្ឋបាលបុគ្គលិក ក្រសួងសុខាភិបាល បញ្ជាឲ្យយកត្រលប់មកវិញ ដោយឲ្យ កែរដាក់ថា ឈ្មោះ កង អូន ទើបតែអវត្តមាន នៅខែកក្កដានេះទេ បើពុំនោះសោតពិបាកសងលុយរដ្ឋ និងមានរឿងវែងឆ្ងាយជាមិនខាន។ ប៉ុន្តែលោកកែរ រដ្ឋា មិនដូរឯកសារទេ ព្រោះចង់ទម្លាក់កំហុសឲ្យ លោកប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ ថាជាអ្នកលួចលាក់មន្ត្រីខ្មោច យឺតយ៉ាវមិនផ្ដល់របាយការណ៍ មកមន្ទីរសុខាភិបាល ហេតុនេះចុងក្រោយក៏មាន ប្រកាសរបស់ក្រសួងសុខាភិបាល លេខ៥០៤ សនប ចុះថ្ងៃទី៣០ សីហា ២០១៧ សំរេចលុបឈ្មោះ លោក កង អូន តាំងពីថ្ងទី ០១ ខែ កុម្ភៈ ២០១៧ ដោយមូលហេតុ សាម៉ីខ្លួនបោះបង់ការងារ។ គ្រាន់តែបានប្រកាសនេះភ្លាម លោក កែរ រដ្ឋា បានបង្ហោះ តាមបណ្ដាញសង្គម Telegram ផ្អើលទូទាំងខេត្ត ស្វាយរៀង គឺផ្អើលដោយសារ តែ ប្រកាសនោះ មានលក្ខណៈ ចំឡែក មហាចំឡែក ត្រង់វាមានលក្ខណៈប្រតិសកម្ម ពី ខែ សីហា មក ខែ កុម្ភៈ ជាមួយនោះ លោក កែរ រដ្ឋា បានបង្ហោះ សារតាមTelegram ឌឺទៅលោក គង់ ចាន់ថន ប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តស្វាយរៀង ថាបើរកមន្ត្រីខ្មោចឃើញជូនរង្វាន់មួយតុ (ព្រោះមន្ត្រីខ្មោចនោះលុបឈ្មោះបាត់ហើយ តាម ប្រកាស ៥០៤សនប) ។

ដំណើររឿងទាំងអស់ របស់លោក កង អូន នេះបញ្ជាក់ពីការ ឃុបឃិត គ្នាជាបណ្ដាញ​លួចលាក់ មន្ត្រីខ្មោច ដែលច្បាប់មិនលើកលែងបានទេ។ នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ២០១៧ នៅសាលប្រជុំសណ្ឋាគាទន្លេវ៉ៃគោ ឯកឧត្តម អភិបាលខេត្តបានបញ្ជាអោយប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចស្រាវជ្រាវលើករណីនេះអោយបានច្បាស់លាស់ ។ មន្ត្រីរាជការទាំងអស់កំពុងរង់ចាំមើលចំណាត់ការ របស់ឯកឧត្តម អភិបាលខេត្តស្វាយរៀងលើករណីនេះ។

21769837_1042239442584598_694311836_n 21767593_1042239369251272_70580486_n 196313502-768x432 196313507-768x576

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com