គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ល្បី​រឿង​ឧកញ៉ា សឹង សំអុល យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​មក​ប្រើ​ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​
0

ល្បី​រឿង​ឧកញ៉ា សឹង សំអុល យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​មក​ប្រើ​ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​ឈ្មួញ​ដែល​ល្បី​ល្បាញខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដូចជាឧកញ៉ាសឹង សំអុល និង​ឧកញ៉ា លឹម ប៉ុណ្ណា ហៅ​ខ្នា​ជាដើម​។

ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ចាត់វិធានការ​ទៅលើ​មេ​ឈ្មួញ សឹង សំអុល ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ ដោយសារតែ​ខ្លាច​ឥទ្ធិពល​មន្ត្រីជាន់ខ្ពស់​ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ​ម្នាក់នេះ​។

ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះនិង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងថាមួយរយៈ​ពេល​ចុង​ក្រោយនេះ​មេ​ឈ្មួញសឹងសំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​របស់​មេ​ឈ្មួញ សឹង សំអុល ចេញពី​ស្រុក​កោះ​ញែក ចូលមក​ខេត្តក្រចេះ នៅតែ​កើតឡើង ​យ៉ាង​គគ្រឹកគគ្រេង​ដោយ សារ​មានការ​ឃុបឃិត​បើកដៃ​ ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថ កិច្ច​ ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ ​ដាក់​ហោប៉ៅ​ចែកគ្នា ​ធ្វើ​មាន​ធ្វើបាន​។

ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​ដែន​ជម្រក​សត្វ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារតែ​មេ​ឈ្មួញ សឹង សំអុល មាន​មេការ​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប៉ុន្មាន​កន្លងទៅនេះ​ក្រោយពេល​ស្ងប់ស្ងាត់​មួយរយៈ​រួចមក​មេ​ឈ្មួញ សឹង សំអុល បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

មានការ​សង្ស័យថា​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំថា្នក់ខេត្តថ្នាក់មេប៉ូលិសខេត្ត មេប៉េអឹមខេត្ត ទំនងជា​ទទួលបាន​ផលប្រយោជន៍ ​ពី​មេ​ឈ្មួញ សឹង សំអុល យ៉ាងច្រើន​ផងដែរ​ទើប​នាំគ្នា​សម្ងំស្ងៀម​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

ប្រការ​នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​ រិះគន់ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សឹង សំអុល និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​៕

ឈ្មួញ​តូចតាច​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា​ឧកញ៉ា អុល បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខុទ្ទកាល័យ​មេដឹកនាំ​កំពុង​ម្នាក់​ទៅ​បិទបាំង​ជំនួញ​ឈើ​របស់ខ្លួន និង​ជាការ​គំរាម​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ ដោយសារតែ​មេ​ឈ្មួញ សឹង សំអុល យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​មក​ប្រើ​ដើម្បី​ការពារ​សកម្មភាព​ដឹកឈើ​របស់ខ្លួន​ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ គឺ​រង់ចាំតែ​ទទួលផល​ប្រយោជន៍​បន្តិច​បន្តួច​។

ទង្វើ​របស់​មេ​ឈ្មួញ សឹង សំអុល បាន​បង្ហាញថា​ឈ្មួញ​រូបនេះ ហ៊ាន​បំពាន​លើ​បទបញ្ជា​របស់សម្តេច​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​កំរោល​ដោយ​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត ក្នុងខណៈដែល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

20664391_1507719235987439_1301249077917737425_n-1

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com