0

លោក ខូង ទីន ប្រធានច្រកទ្វានគរបាលអន្តោប្រវេសន៏អូរស្មាច់ កំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក

ឧត្តរមានជ័យៈ មេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ គឺលោក ខូង ទីន ល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយអស់រយៈពេលច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចាត់វិធានការទៅលើមន្ត្រីពុករលួយរូបនេះនៅឡើយទេ។ ប្រភពខ្លះបានឲ្យដឹងថាលោក ឃូង ទីន មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ទើបហ៊ានប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ មកដល់ពេលនេះប្រជាពលរដ្ឋដែលឆ្លងដែនចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានរិះគន់ចំៗថាលោក ខូង ទីន និងបក្ខពួកបានកំណត់លើតម្លៃធ្វើប័ណ្ណឆ្លងដែន តាមបបូរមាត់របស់ខ្លួនហើយមិនខ្វល់ពីការរិះគន់នោះទេ។

តាមសេចក្តីរាយគារណ៍ពីប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាដែលធ្វើប័ណ្ណឆ្លងដែននៅច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីចូលទៅពិនិត្យជំងឺនៅមន្ទីរពេទ្យក្នុងខេត្តសុរិន្ទ ប្រទេសសៀមបានលើកឡើងដូចៗគ្នាថា នគរបាលអន្តប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ខូង ទីន បានតម្រូវឲ្យពួកគាត់បង់លុយក្នុងម្នាក់ៗ៨០០០០រៀល សម្រាប់ធ្វើប័ណ្ណឆ្លងដែនមួយក្បាលនិងត្រូវបង់លុយថ្លៃវាយត្រា៥០០០រៀលថែមទៀតសរុប៨៥០០០រៀល។ ការតម្រូវឲ្យបង់លុយពីសំណាក់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរស្មាច់គឺលើសពីអ្វីដែលក្រសួងពាក់ព័ន្ធបានកំណត់ ហើយជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែតតែម្តង។ ជាងនេះទៅទៀត ក៏មានការរិះគន់ដែរថា លោក ខូង ទីន ជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកអូរស្មាច់យ៉ាងពេញបន្ទុកផងដែរដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

តាមការបង្ហើបពីមន្ត្រីតូចតាចប្រចាំច្រកអូរស្មាច់ក៏បានបញ្ជាក់ដែរថា អំពើពុករលួយរបស់លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់និងបក្ខពួកគឺជារឿងដែលកើតឡើងច្រើនឆ្នាំមកហើយ ជាពិសេសការគាបយកលុយពីពលរដ្ឋនៅពេលធ្វើប័ណ្ណឆ្លងដែន លើសពីសៀវភៅបន្ទុក គឺជារឿងដដែលៗពុំមានការកែទម្រង់អ្វីទាំងអស់។ បញ្ហានេះ អគ្គស្នង ការនគរបាលជាតិ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក ខូង ទីន និងបក្ខពួកកំពុងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល ក្នុងខណៈប្រជាពលរដ្ឋរិះគន់កាន់តែខ្លាំងឡើងៗផងដែរ។ ជាងនេះទៅទៀតនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់និងបក្ខពួកជាបន្ទាន់ព្រោះពួកគេកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយរាលដាល គ្មានខ្លាចក្រែងអ្វីឡើយ៕

IMG_2300 IMG_2298

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com