0

លោកគឹម សុវណ្ណប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យកំពុងប្រព្រឹត្តអំពើពុករលួយ

ខេត្តបន្ទាយមានជ័យ ៖ អំពើពុករលួយគ្រប់រូបភាព នៅតែបន្តកើតមាន ក្នុងមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ដែលមានលោក គឹម សុវណ្ណ ទោះបីខេត្តមួយនេះ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ យកធ្វើជាខេត្តនៃការចាប់ផ្តើម ប្រយុទ្ធប្រឆាំងអំពើពុករលួយដំបូងគេ។តាមប្រភព បានឲ្យដឹងថា តាំងពីពេលមុនមកដល់បច្ចុប្បន្ន គឺអំពើពុករលួយ បានចាក់ឬសយ៉ាងជ្រៅ នៅក្នុងមន្ទីរ សា​ធារ​ណៈ​ការ នឹងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ហើយបញ្ហានេះ ត្រូវបានគេដឹងថា គឺបង្ករឡើងដោយ សារ​ការលោភលន់ ពីសំណាក់លោកប្រធានមន្ទីរ គឹម សុវណ្ណ ដោយសហការ យ៉ាងស្អិតរមួតជាមួយ ការិយាល័យផែនការ គណនេយ្យរបស់មន្ទីរ ទើបធ្វើឲ្យពួកគេកឹបកេងថវិកាជាតិ មកធ្វើមានបាន។

ដោយសារកឹបកេងថវិកាជាតិ​ ស្ទើរគ្រប់ជំពូកពីសំណាក់ លោកប្រធានមន្ទីរ គឹម សុវណ្ណ បានធ្វើឲ្យជីវភាព របស់គាត់អភិវឌ្ឍន៍លឿន ដូចភ្នែកអន្ទោល ដែលអ្នកមានដើមទុន នឹងទ្រព្យសម្បត្តិល្មមៗ មិនអាច អភិវឌ្ឍន៍លឿនដូចរូបគាត់បាន។ អំពើពុករលួយរបស់លោក ស៊ីម សុវណ្ណ ក្រៅពីការកឹបកេងថវិកា មិនមែន កម្មវិធី ថវិកាគម្រោងនាពេលកន្លងមក គឺរូបគាត់សហការជា​មួយមន្ត្រីជំនាញមួយចំនួន​ប្រព្រឹត្តអំពើរផ្តេស ផ្តាស់​ដូចជាការរាប់ក្បាលឡានធន់ធ្ងន់ ដឹកទំនិញយកប្រាក់ដោយមិនអនុវត្តន៍ តាមច្បាប់ចរាចរណ៍ផ្លូវគោក និង ការយកថ្លៃធ្វើស្លាក​លេខ​ឡាន​ ម៉ូតូ ស្រេចតែអំពើចិត្ត ធ្វើឲ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ជាមួយ រាជរដ្ឋាភិបាល។

ទោះបីលោក គឹម សុវណ្ណ និង បក្ខពួកបានប្រព្រឹត្តអំពើ ពុករលួយធ្ងន់ធ្ងរក៍ដោយ ប៉ុន្តែរឿងអាស្រូវរបស់ពួក គាត់ គឺមិនត្រូវបានក្រុមអធិការកិច្ច និង ក្រុមសវនកម្ម របស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូនរកឃើញ ចំណុចអវិជ្ជមាននោះទេ ហើយនាពេលកន្លងមកក្រុមនេះ​នៅ​ពេល​ចុះត្រួតពិនិត្យនៅមន្ទីរនេះម្តងៗ គឺដូច ជាទៅប្រថាប់ត្រាបង្គ្រប់កិច្ចទៅវិញ។ លើសពីនោះទៅទៀត នៅពេលដែលមន្ត្រីតូចតាច នៅក្នុងមន្ទីរខិតខំ ក្នុងការទំលាយរឿងអាស្រូវ នៅមន្ទីរខ្លួនត្រូវពួកគេដើម្បីចាត់វិធានការ បែជាក្រុមនេះធ្វើដូចមើលមិនឃើញ ធ្វើឲ្យអ្នកដែលខំរាយការណ៍អស់ជំនឿ។

ចំពោះការចំណាយថវិកជាតិ និងថវិការផ្សេងៗ របស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បើមើលទៅលើតែឯកសារ ដែលមានចុះហត្ថលេខាដោយ លោកប្រធានមន្ទីរ គឹម សុវណ្ណ មើលទៅគួឲ្យសសើរ រាល់ការចំណាយរបស់មន្ទីរ គឺសូម្បីតែកន្ទុយប្រាក់ នៃការចំណាយ ២០- ៣០ រៀល ក៍មានចុះនៅក្នុងការចំណាយ មិនមានការបាត់បង់ទេ ប៉ុន្តែបើកាន់ឯកសារ នៃការចំណាយនានា របស់មន្ទីរនិងសាកសួរមន្ត្រី ដែលមានឈ្មោះទទួលប្រាក់ ពីការចំណាយ និងទៅសួរដល់ម្ចាស់ទំនិញ និង ដឹងការពិតគឺខុសនិងឯកសារ យ៉ាងសែនឆ្ងាយ ការចំណាយខ្លះ មាននៅលើតែឯកសារ របាយការណ៍ជាក់ ស្តែងគឺគ្មាន ដូច្នោះទើបធ្វើឲ្យពួកគេ មានលទ្ធភាពក្នុងការកឹបកេងថវិកាជាតិ និង ប្រព្រឹត្តអំពើពុករលួយធ្វើ មានបាននោះ។

តាមប្រភពបានឲ្យដឹងថា ដោយសារតែមន្ទីរមួយនេះ មានប្រធានគឺជាមនុស្សដែលពូកែ ខាងប្រព្រឹត្តអំពើ ពុករលួយនោះ មន្ត្រីតូចតាចមួយចំនួន ដែលមិនមែនជាខ្សែរយៈរបស់គេ គឺត្រូវបានគេជិៈជាន់ និងគម្រាម លើបញ្ហាជាច្រើន ធ្វើឲ្យមន្ត្រីទាំងនោះភិតភ័យ មិនហ៊ានប្រឆាំងតវ៉ា លើបញ្ហាដែលពួកគេ បានប្រព្រឹត្តខុស ឆ្គង។ ហើយប្រធានមន្ទីរមួយនេះ តែងតែយកឈ្មោះរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់ក្រសួង មកអួតក្អេង ក្អាង ថាសុទ្ធតែស្និតស្នាលជាមួយអ្នក ជាមួយអ្នកនោះ ដើម្បីបន្លាចមន្ត្រីក្រោមឱវាទទៀតផង។ឆ្លើយតប ព័ត៌មានខាងលើ លោក ស៊ីម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានថ្លែងថារូបលោក និងអង្គភាពរបស់លោក គឺប្រព្រឹត្តបានត្រឹមត្រូវ មិនមានបញ្ហាដូចការចោទនោះទេ។

ចំណែកមន្ត្រីនៅក្នុងមន្ទីរបានអះអាងថា ចម្លើយរបស់លោកប្រធានមន្ទីរ គឹម សុវណ្ណ គ្រាន់តែជាដោះបន្ទុក យករួចខ្លួន ហើយបើចង់ដឹងការពិត គឺស្ថាប័នមានសម្ថត្តកិច្ចថ្នាក់ជាតិ ជាពិសេសអង្គភាពប្រឆាំង អំពើពុក រលួយចុះមកស្រាវជ្រាវនឹងដឹងការពិត។

10635951_569998129813004_6394904522734244400_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com