0

កូនមន្រ្តីអ្នកធំនឹងមានអំណាចកំពុងរងការចោទប្រកាន់ថាសំរុកបូមខ្សាច់លក់បំពានច្បាប់យ៉ាងគឃ្លើន

តាមប្រភព​ព័ត៌​មាន​ពីប្រជា​ពលរដ្ឋ​រស់នៅ​ក្នុងក្រុង​តា​ខ្មៅ និងស្រុក​ស្អាង​​ ខេត្ត​កណ្តាល បានឲ្យ​ដឹង​ថា សកម្មភាព​បូម​ខ្សាច់​​ធ្វើ​អាជីវ​កម្ម​ខុស​ច្បាប់​ក្នុង​ដងទន្លេ​បា​សាក់​នៅ តែ​បន្ត​កើតមាន​យ៉ាង​ពេញ​បន្ទុក ​ដដែលព្រោះ​ក្រុមជន​ល្មើស ​ដែល​អាង​មានខ្នង​បង្អែក​រឹងមាំ​ពួកគេ​នៅតែ​បំពាន​ច្បាប់​​យ៉ាង​គឃ្លើន​។ ហេតុនេះ​ហើយ​ ទើប​ក្រុម​ជន​ល្មើស​នៅ​តែ​អាច​បូម​ខ្សាច់​ដោយ​ប្រើ​ទូក​និង​សាឡង់​​ធំៗ​ ដឹក​យក​ទៅចែក​ចាយ​តាមដេប៉ូ​នានា​ក្នុង​ក្រុង​តា​ខ្មៅ​ និង​ស្រុក​ស្អាង​ ស្រេច​តែអំពើ​ចិត្ត​។ ចំណែក​មន្ទីរធនធាន​ទឹក​ និង​ឧតុ​និ​យម​ មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​កណ្តាល ក៏ដូចជា​អាជ្ញាធរ​ខេត្ត​មិនចាត់​វិធានការ​ទប់​ស្កាត់​បទល្មើស​ទាល់​តែ​សោះ​ ទោះបី​សកម្មភាពបូម​ខ្សាច់​នោះ​ធ្វើឲ្យ​ប៉ះពាល់​ដល់ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ក៏ដោយ​។

ដោយឡែក​ប្រ​ភពព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម និង​ស្រុក​លើកដែក ខេត្ត​កណ្តាល​ ក៏​បានឲ្យ​ដឹង​ដែរ​ថា បទល្មើស​បូមខ្សាច់​ក្នុងដង​ទន្លេមេ​គង្គ​ ដោយ​ប្រើ​ទូក​និង​សាឡង់​ធំៗ នៅតែកើតមាន​យ៉ាងពេញបន្ទុក​។ សកម្មភាព​បូមខ្សាច់​ខុស​ច្បាប់​នោះ​ បានធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​ព្រមទាំង​បាក់ដី​ភូមិ​ និង​ដីចម្ការ​របស់​ប្រជា​ពលរដ្ឋ​ចូលទន្លេ​ជា​បន្ត​បន្ទាប់​។

ប្រជា​ពល​រដ្ឋ​រស់នៅតាម​ដងទន្លេមេគង្គ​ ក្នុង​ស្រុកគៀន​ស្វាយ ស្រុក​ល្វាឯម និង​ស្រុក​លើកដែក ធ្លាប់អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​កណ្តាល និង​រដ្ឋ​មន្ត្រី​ក្រ​សួងធនធាន​ទឹក​ចាត់វិធានការ​លើ​ក្រុម​ជន​ល្មើស​ជា​ច្រើនលើក​មក​ហើយ​ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វីទាំង​អស់​។ពាក់ព័ន្ធនឹង​បញ្ហា​ខាងលើនេះ មន្ត្រី​រាជ​ការ​នៅ​សាលា​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​ធនធានទឹក​ និងឧតុ​និ​យម​ក៏ដូចជា​ប្រ​ធាន​មន្ទីរ​​រ៉ែ និង​ថាម​ពល ខេត្ត​កណ្តាល មិនហ៊ានប៉ះពាល់​​ក្រុម​ជន​ល្មើស​បូម​ខ្សាច់​ខុស​ច្បាប់​នោះទេ ព្រោះ​សាច់​ញាតិ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជនមួយ​ចំនួន​ជា​អ្នក​នៅពីក្រោយ​បទល្មើស​នោះ។

អ្នកដែលជាប់​ពាក់ព័ន្ធ​បទល្មើស​បូមខ្សាច់​ខុសច្បាប់​មានដូចជា​ឈ្មោះ ផៃ ប៊ុន​ឈន ហៅ​ ឈឿន ប៊ុនឈន ជាកូនប្រុស​របស់​លោក ផៃ ប៊ុន​ឈឿន​អភិបាល​ខេត្ត​កណ្តាល, ឈ្មោះ គឿន ភារម្យ ជា​កូន​ប្រុស​​របស់​លោក ឌុល គឿន​ ដែលជា​មន្ត្រី​ដ៏មាន​ឥទ្ធិពល​នៅ​ក្រសួង​មហាផ្ទៃ​ និង​ឈ្មោះ សារ៉ន ឌីណា ជាកូនប្រុស​លោក មួង​ សារ៉ន។ ដោយសារ​​តែ​អ្នក​ជាប់ពាក់​ព័ន្ធ​បទល្មើស​បូមខ្សាច់​ក្នុង​ខេត្ត​កណ្តាល​សុទ្ធតែ​ជាកូនចៅ​មន្ត្រី​ជាន់​ខ្ពស់​បែបនេះហើយ ទើប​ស្ថាប័ន​ពាក់ព័ន្ធ​មិនហ៊ានចាត់​វិធានការ​ទប់​ស្កាត់​ ហើយ​សុខ​ចិត្ត​ទទួល​យក​ផល​ប្រយោជន៍​បន្តិច​បន្តួច​ពីក្រុម​ជន​ល្មើសយ៉ាង​ស្ងៀម​ស្ងាត់​៕

IMG_05261

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com