ស្ទឹងត្រែង៖ ក្រុមឈ្មួញឈើធំៗមានគ្នាប្រមាណ៧នាក់ដឹកនាំដោយលោកស្រ៊ាងម៉េងនិងលោក តាំង វីរដា ព្រមទាំងប្អូនប្រុសឈ្មោះ តាំងសុផាន់ណា បានកំពុងតែសម្រុកកាប់ឈើនៅក្នុងតំបន់អភិរក្សសត្វព្រៃដ៏ធំមួយនៅក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងហើយក្រុមជើងខ្លាំងខាងកាប់បំផ្លាញព្រៃឈើស្ទើរទូទាំងប្រទេសខ្មែរនេះបានប្រើប្រាស់រថយន្តប្រភេទយីឌុបធំៗ ចំនួន៣០គ្រឿងក្នុងមួយថ្ងៃៗ ដែលមានបិទស្លាកសញ្ញា ក្រុមហ៊ុនMDS (អឹម.ឌី.អេស) របស់លោកឧកញ៉ា ទ្រី ភាព បានធ្វើសកម្មភាពដឹកជញ្ជួនឈើប្រណិត ចេញពីឃ្លាំងមួយកន្លែងក្នុងស្រុកសៀមប៉ាង ទាំងយប់ទាំងថ្ងៃហើយកំពុងបំផ្លាញផ្លូវជាតិលេខ៧ ដ៏មហន្តរាយទៀតផង។
ប្រភពពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននៅស្រុកសៀមប៉ាងបានឲ្យដឹងថាមានឈ្មួញរកស៊ីឈើធំៗចំនួន-៧នាក់ដឹកនាំដោយលោកតាំងវីរដាទើបឡើងឧកញ៉ាថ្មីៗនិងលោកស្រ៊ាង ម៉េង មេឈ្មួញឈើល្បីមានស្រីញីច្រើនគ្រប់ខេត្តសំបូរព្រៃឈើដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ចាម រតន:គិរី និងមណ្ឌលគិរីជាដើមហើយបុគ្គល ស្រ៊ាង ម៉េងនេះមានប្រពន្ធគ្រប់ខេត្តទាំងនេះតែម្តង។
សេចក្តីរាយការណ៍ពី ក្នុងខេត្តស្ទឹងត្រែងដដែល បានឱ្យដឹងទៀតថា បទល្មើសបំផ្លាញព្រៃឈើតាមបណ្តាស្រុកនានាៗ កំពុងកើតទ្បើងយ៉ាងពេញ បន្ទុក ហើយអាជ្ញាធរខេត្ត និងនាយសង្កាត់នាយខ័ណ្ឌរដ្ឋ បាលព្រៃឈើខេត្តមិនចាត់ វិធានការទប់ស្កាត់នោះទេ។ គេសង្កេតឃើញ នៅចំណុចអូរដា ភូមិគភោគ និងទួលសេវ៉ា ចំណុច១០១ ខាងកើតទន្លេ ជាប់ព្រំប្រទល់ទ្បាវ ចំណុច ១០១មានបទល្មើសបំផ្លាញ ព្រៃឈើយ៉ាងមហន្តរាយ ដោយជ្រកក្រោមស្លាកក្រុមហ៊ុន របស់ឧកញ៉ា ទ្រី ភាព ។
ប្រជាពលរដ្ឋរស់នៅខេត្ត ស្ទឹងត្រែងមានដូចជា ស្រុក សៀមបូក ស្រុកសៀមប៉ាង ស្រុកថាទ្បាបរិវ៉ាត់ និងស្រុក សេសានជាប់ឧទ្យានជាតិវីរៈ ជ័យបានឱ្យដឹងថា ជាមេឈ្មួញបំផ្លាញព្រៃឈើ កំពូលល្បិច ស្រ៊ាង ម៉េង តាំងវីរដា និង តាំង សុផាន់ណា បានប្រើគ្រប់វិធី ដើម្បីបានឈើប្រណីតដឹក ជញ្ជូនយកទៅលក់នៅប្រទេស យួន និងប្រទេសផ្សេងទៀត ពួកគេបានជម្រុញឱ្យប្រជាពលរដ្ឋ ចូលព្រៃកាប់ឈើប្រណីតយកមកលក់ក្រុមរបស់ពួកគេ (ស្រ៊ាង ម៉េង, តាំង វីរដា និង តាំង សុផាណា) ។ កាលពីមុនមានតែឈើ ប្រណីតប្រភេទគ្រញូង បេង នាងនួន និងធ្នង់ ប៉ុណ្ណោះ ដែលប្រឈមនឹងការបំផ្លាញ យ៉ាងមហន្តរាយដោយមាន ការឃុបឃិតជាមួយ លោក កុល សំអុល អភិបាលខេត្ត ស្ទឹងត្រែង និងលោក ឈាង តុលាជានាយរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ។
ឥទ្បូវនេះ សូម្បីតែឈើ ប្រភេទផ្ចឹកសុក្រំ និងស្រទ្បៅ ក៏ត្រូវគេកាប់អារច្រៀកដឹក ជញ្ជូនចេញពីព្រៃចូលទៅក្នុង ឃ្លាំងស្តុករបស់មេឈ្មួញ ស្រ៊ាង ម៉េង យ៉ាងពេញបន្ទុក ដែរ ។ មន្ត្រីអង្គការក្រៅរដ្ឋាភិ បាលក្នុងខេត្តស្ទឹងត្រែងបាន លើកទ្បើងថា ៦០ ភាគរយ នៃព្រៃឈើក្នុងខេត្តស្ទឹងត្រែង ត្រូវបំផ្លាញដោយមេឈ្មួញធំ ៗប្រមូលទិញឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយ ថ្នាក់ដឹកនាំធំៗក្នុងខេត្តស្ទឹង ត្រែង។
មន្ត្រីអង្គការក្រៅរដ្ឋាភិ បាលបានលើកទ្បើងថាបទ ល្មើសបំផ្លាញព្រៃឈើក្នុងខេត្ត ស្ទឹងត្រែងបានចាប់ផ្តើមខ្លាំង បំផុត តាំងពីចុងខែតុលា ឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ហើយឈើប្រណីតដូចរៀប រាប់ខាងលើស្ទើរតែគ្មានសល់ ក្នុងព្រៃទៀតទេ។ សូម្បីតែព្រៃ សហគមន៍ ព្រៃដែនជម្រកសត្វ និងព្រៃបញ្ចុះសពដូនតារបស់ ជនជាតិដើមភាគតិចក្នុងស្រុក សេសាន និងស្រុកនានាក៏ប្រឈមនឹងការបំផ្លាញយ៉ាង ហិនហោចក្រោមស្នាដៃមេ ឈ្មួញ ស្រេង ម៉េង និងបក្ខ ពួកផងដែរ ។ ដូច្នេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធត្រូវចាត់វិធានការទប់ ស្កាត់ជាបន្ទាន់ ព្រោះព្រៃឈើ ៦០ភាគរយ នៅក្នុងខេត្តស្ទឹង ត្រែងត្រូវមេឈ្មួញ ស្រ៊ាង ម៉េង បំផ្លាញតាមអំពើចិត្តជិតផុតពូជទៅហើយ ។
ប្រភពបានបន្តឱ្យដឹងទៀតថា លោក ស្រ៊ាង ម៉េង, តាំង វីរដា និងតាំង សុផាន់ណា ជាមេកញ្ច្រែងប្រមូល ទិញឈើ យ៉ាងសកម្មពនៅខេត្តស្ទឹងត្រែង ពួកគេប្រមូលទិញឈើបានច្រើននៅខេត្តស្ទឹងត្រែង ហើយមួយរយៈនេះ ទីផ្សារក្រៅប្រទេសចង្អៀត ពួកគេធ្វើការដឹកជញ្ជូនយកស្តុកនៅទីតាំងក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ខេត្តព្រះវិហារ ដែលមានលោក អ៊ុក គឹម សាន មេការធំប្រចាំខេត្តព្រះវិហារ ។
ប្រជាពលរដ្ឋរស់នៅក្បែរស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងព្រះវិហារ បានឱ្យដឹងថា បន្ទាប់ពីស្ពាន មួយនេះ ស្ថាបនារូចហើយ ដាក់ឱ្យប្រើប្រាស់ ពួកគាត់សង្កេតឃើញរថយន្តធំៗដឹកលើសទម្ងន់ ជាពិសេសរថយន្តដឹក ឈើជាច្រើនគ្រឿងបន្តកន្ទុយគ្នានៅយប់របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដឹកឈើពីខេត្តស្ទឹងត្រែង យកទៅស្តុកឃ្លាំង ខេត្តព្រះវិហារ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង និងព្រះវិហារ ដែលទើបសាងសង់ មួយនេះ មិនអាចគង់វង្សបានយូរអង្វែងនោះទេ ព្រោះតែក្រសួងពាក់ព័ន្ធពិសេសក្រសួងសាធារណការ និងដឹកជញ្ជូនមិន ដាក់វិធានការឱ្យបានតឹងរឹង ឬដាក់ទោសទណ្ឌទៅលើក្រុមមន្ត្រីនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តទេនោះ ស្ពានមួយនេះ និងបាក់ខូចនៅពេលដ៏ខ្លីជាក់ជាមិនខាន ។
ផ្លូវ ស្ពាន ថ្នល់ ព្រៃឈើត្រូវបានក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បំផ្លិចបំផ្លាញគ្រប់ទីកន្លែង ឯផលបានមកពីការ បំផ្លាញជាតិ បានតែក្រុមគ្រួសារ និងបក្ខពួកមួយក្តាប់តូចតែប៉ុណ្ណោះ ។ រដ្ឋខាតបង់ថវិការាប់សិបលានដុល្លារ ទៅលើ ការបាត់បង់ព្រៃឈើ និងចំណាយថវិកាធ្វើផ្លូវស្ពានថ្នល់ដែលខូចខាតដោយសារក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ។