0

នាយខណ្ឌរដ្ឋបាលជលផលកោះកុងគ្រប់ទឹក

ខេត្តកោះកុង% បទល្មើសនេសាទនៅដែនសមុទ្រខេត្តកោះកុង តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទបរទេសថៃ-វៀតណាម ចូលមកនេសាទ ក្នុងដែនទឹកខ្មែរគឺជាឱកាសមានបានយ៉ាងស្ងាត់ស្ងៀមរបស់លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ។

ប្រភពរាយការណ៍ថា នៅស្រុកគិរីសាគរ ខេត្តកោះកុង បទល្មើសនេសាទនៃការអនុញ្ញាតឲ្យជនបរទេសចូលមកនេសាទក្នុងដែនទឹកខ្មែរ បានកើតមានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែកលោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង ។ អាជ្ញាធរខេត្តកោះកុង លោកស្រី មិថុនា ភូថង មិនឃើញមានចំណាត់ការចំពោះភាពអនាធិបតេយ្យនៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ចូលមកនេសាទក្នុងដែនទឹកខ្មែរនោះឡើយ ។

តាមការអះអាងរបស់ប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឲ្យដឹងថា បច្ចុប្បន្ននេះទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងដែនសមុទ្រខ្មែរយ៉ាងមហន្តរាយ។ ក្នុងនោះមានទូកអូសឡង់ ប្រមាណ១០ឈុត ហើយក្នុង១ឈុតមានចំនួនពី៤ទៅ៥គ្រឿង, ទូកប៉ាអន ប្រមាណ១០០ឈុត(ទូកភ្លើង)ហើយក្នុង១ឈុតមានពី៤ទៅ៥គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។

ទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរ ចាប់ពីតំបន់ទឹករាក់ កោះតាង កោះព្រីង រហូតដល់ផ្ទៃសមុទ្រខេត្តកោះកុង ហើយថែមទាំងមានទូកអូសគូ ប្រមាណ២០០គូដែលធ្វើសកម្មភាពនេសាទក្នុងតំបន់សមុទ្រទឹកជ្រៅពីកោះតាង រហូតដល់ព្រំប្រទល់កោះត្រល់ទៀតផង។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង បានឲ្យដឹងថា សមត្ថកិច្ចយោធាការពារព្រំដែន និងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ព្រមទាំងមន្ត្រីរដ្ឋបាលជលផល គឺលោកឡាង គិរី គឺជាអ្នកឃុបឃិតឲ្យទូកនេសាទវៀតណាម និងទូកនេសាទថៃ ចូលមកធ្វើសកម្មភាពនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។

មួយរយៈចុងក្រោយនេះមានទូកស្ទូចមឹករបស់វៀតណាមរាប់សិបគ្រឿងចូលមកធ្វើសកម្មភាពស្ទូចមឹកក្នុងដែនសមុទ្រខេត្តកោះកុង ។ ទាំងនេះ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង ក៏ដូចជាពួកមន្ត្រីនគរបាលការពារព្រំដែនទឹក រួមទាំងការទទួលខុសត្រូវធំបំផុតរបស់អាជ្ញាធរខេត្តកោះកុងនោះផង ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com