0

បែកធ្លាយរឿងមេគយ កាំង លាង អោយឈ្មួញវៀតណាម ដឹកកាកសំណល់ហូចូលតាមច្រកមុឺនជ័យនិងប្រើឡានវៀតណាមជាមធ្យោបាយដឹកជញ្ជូន

ខេត្តព្រៃវែង៖ លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុី ក្នុងករណីគាត់បានប្រើវប្បធម៍ការងារតាមទម្លាប់ កៀបសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ ដោយគាត់ប្រើមធ្យោបាយដោយយកអំណាចឥទ្ធិពល ក្នុងនាមខ្លួនមានតួនាទីភារកិច្ច ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ ទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនឯង បក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀត ត្រូវយកទៅបំពេញតម្រូវការថ្នាក់លើ។ ករណីជាក់ស្តែងនៅវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅមាន រថយន្តយីឌុបមួយ គ្រឿង ពាក់ស្លាកលេខវៀតណាម63C-064. 83 បាននាំចូលកាកសំណល់ចំនួន២១ តោន តាមច្រកមុឺនជ័យ ក្រោមការគ្រប់គ្រងពីលោក កាំង លាង ប៉ុន្តែត្រូវបានកម្លាំង គយចល័តរបស់លោក កើត សុធារ៉ា បង្ក្រាប ចាប់ក្នុងបទល្មើសដឹកជញ្ជូនកាកសំណល់ជាក់ស្តែង នៅចំណុចផ្លូវកៅស៊ូ ដែលមាន ចម្ងាយ២ គីឡូម៉ែត្រពីច្រកព្រំដែនម៉ឺនជ័យ ស្ថិតក្នុងភូមិសាស្ត្រឃុំក្របៅ ស្រុកកម្ចាយមារ ខេត្តព្រៃវែង ។ ករណីកាកសំណល់នេះ ក៏ត្រូវបានក្រុមគយចល័ត ប្រចាំតំបន់៦ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុច្បាប់គយ ទៅតាមនីតិវិធី ដើម្បីបញ្ជូនទៅប្រទេសដើមវិញ។ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង ជុំវិញបញ្ហានេះធ្លាប់បានប្រាប់អង្គភាព«នគរវត្ត»ថា៖ រឿងនេះលោកមិនបានអនុញ្ញាតទេ មានតែលោកបានចូលរួមសហការជាលក្ខណះសម្ងាត់ជាមួយគយចល័ត ទើបឈានដល់បង្ក្រាបនេះ។ គួររំឭកថា លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានចេញ លិខិតលេខ១៥៥៨/១៨ អគរ ណែនាំទៅ កាន់លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យ និងរដ្ឋាករ ត្រូវ ពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំ ចូលកាកសំណល់ ប្លាស្ទីក និងកាកសំណល់ ផ្សេងៗគ្រប់ប្រភេទ ។ លោកបណ្ឌិត គុណ ញឹម ណែនាំបែបនេះ ដោយយោងតាម ចំណារ ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិតលេខ១៤០៨ សហវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , និងអនុ ក្រឹត្យលេខ៣៦អនក្រ បក ចុះថ្ងៃទី២៧ ខែ មេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងកាក សំណល់រឹង និងលិខិតលេខ៣៨០ អគរ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ របស់អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ បើទោះជាមានការណែនាំបែបនេះក៏ ដោយ មេគយ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្ត ព្រៃវែងអនុញ្ញាតឲ្យឈ្មួញដឹកកាកសំណល់ ពីវៀតណាមចូលនិងឆ្លងកាត់ ដោយគ្មាន ញញើតច្បាប់សូម្បីបន្តិច ដោយសារតែ ឥទ្ធិពលនៃអំណាចទឹកប្រាក់ បាំងមុខ កើតឡើងដោយអំពើឃុបឃិតគ្នាជាមួយឈ្មួញ។ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក កាំង លាង រងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុី ក្នុងករណីគាត់បានប្រើវប្បធម៍ការងារតាមទម្លាប់ កៀបសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ ដោយគាត់ប្រើម ធ្យោបាយ ដោយយកអំណាចឥទ្ធិពល ក្នុងនាមខ្លួនមានតួនាទីភារកិច្ច ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ ទៅឆក់យកសេដ្ឋកិច្ច សម្រាប់បុគ្គលខ្លួនឯង បក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀត ត្រូវយកទៅបំពេញតម្រូវការថ្នាក់លើ។ ដូច្នេះដើម្បីបានលុយពីឈ្មួញក្រៅវិក័យបត្របង់ពន្ធចូលរដ្ឋ គឺលោក កាំង លាង រកគ្រប់វិធីសាស្ត្រ ក្នុងន័យគម្រាម «បើមិនបង់លុយគឺចាប់ ឬឆែកឆេរ» សំដៅរំខាន ឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ខណៈគាត់បានក្តោបព័ត៍មានជុំ ស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកសុីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ហើយបង់មិនគ្រប់ចំនួនថែមទៀត, ទំនិញបង្កប់ ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។ ឈ្មួញបានរៀបរាប់ត្រួសៗថា៖ ករណីបង់លុយអោយលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខា ផង បង់អោយខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។ ក្នុងនោះលោក កាំង លាង បែងចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ លោក កាំង លាង អោយបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង តម្រូវអោយបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០មុឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាសុឺន ប្រេងម៉ាសុឺន សត្វក្រួច ។ល។ ពួកគេត្រូវបង់លុយអោយលោក កាំង លាង ប្រចាំខែជាក្បាលឡាននិមួយៗ ទៅតាមក្រុមហ៊ុន មានឡានតិចឬច្រើន។ ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាសុឺន ម៉ាសុឺនដេរ កំណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏លោក កាំង លាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរ។ ករណី លោក កាំង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានជាប់ពាក់ព័ន្ធនិងអំពើពុករលួយយ៉ាងជ្រៅ ខណៈទឹកបាក់ទំនប់ស្រេកឃ្លាននិងផលប្រយោជន៍ លាភសក្ការៈ និងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ ឬឆ្ងាញ់និងលុយខ្មៅនេះ ក៏មានមន្ត្រីគយខ្លះលើកឡើងថា៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង កំពុងមានមោទនភាព និងការបានលុយដោយការងារទម្លាប់ ប៉ុន្តែអំពើពុករលួយនេះអាចឈានដល់វិនាស ឬគ្រោះថ្នាក់ដល់តំណែង ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ថ្នាក់លើ ក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅនៃប្រទេសគ្រប់គ្រងដោយច្បាប់នេះ។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេ ប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះនិងរឿងអំពើពុករលួយ ប្រាកដណាស់ថា មេខាងលើមិនព្រមទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណា ក្បាលអ្នកហ្នឹង) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។ ពាក់ព័ន្ធករណីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង យកលុយក្បាលឡាន អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោកមិនបានធ្វើអត្ថាធិប្បាយឬបកស្រាយអ្វីទេ តាមទូរស័ព្ទជាមួយអង្គភាព «នគរវត្ត» លោកបានបញ្ជាក់យ៉ាងខ្លីថា៖ ខាងណា..មានការអី ..ចង់ដឹងពីអី ..ខ្ញុំគ្មានពេលទំនេរជាមួយលោកឯងទេ…!!! រួចក៏បិទទូរស័ព្ទតែម្តង។ គួរម្លឹកថា៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា មេត្តាពិនិត្យការងារគ្រប់គ្រងដោយលោក កាំង លាង គាត់ចាំបាច់ប្រើប្រាស់ជនសុីវិលក្លែងបន្លំជាគយចាំយកលុយឈ្មួញ ឬត្រូវប្រើមន្ត្រីគយពិតប្រាកដ ខ្លាចគេតាមប្រម៉ាញ់ដឹង..? ឈ្មួញធំៗដែលគេចមិនផុតពីការបង់លុយអោយលោក កាំង លាង មានដូចជា៖ ក្រុមហ៊ុនសូ ងួន ក្នុងមួយយប់មានឡានរាប់រយកុងទ័នឺរ ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ទោះជាមានច្បាប់ខ្លះ លោកឆ័ត្រក៏ត្រូវបង់អោយមេគយមុខលុយនេះដោយចៀសមិនផុត។ ឈ្មួញខាងដឹកជញ្ជូនរបស់យាយភីគឺសឹងមិនបង់ពន្ធទាំងស្រុង ដូច្នេះការដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិ១ និងលេខ៨ ចាំបាច់បំពេញតម្រូវមេគយរូបនេះដូចៗគ្នា ក្នុងន័យថា៖ «ទោះជាងខ្នងបង្អែកកម្រិតណាក៏ដោយក៏ រៀនគិតផងថា បើចង់រកសុី ត្រូវចេះរកសុី»។ ដោយឡែក ក្រុមហ៊ុនដឹកជញ្ជូនរបស់លោក ស៊ុនហួរ ,ក្រុមហ៊ុនរបស់ ហុងលីហួ ដែលជាក្រុមហ៊ុន ហ៊ានចេញមុខ ប៉ាវដឹកទំនិញចម្រុះ ដ៏ល្បីខាងកាប់ដាវជាមួយគយ សមត្ថកិច្ចមាត់ច្រកក៏ត្រូវគិតគូដល់ លោក កាំង លាង ទោះជាក្រុមហ៊ុនអាងខ្នងសែទុយោ ចាយលុយថ្នាក់លើយ៉ាងណាក៏ដោយ។ ចំពោះឈ្មួញឈ្មោះ ទី គឺមានឡានកុងតឺន័រ រកសុីដឹកទំនិញបង្កប់អីវ៉ាន់គេចពន្ធគ្រប់ប្រភេទនិងជាលក្ខណះទ្រង់ទ្រាយធំ ។ ឈ្មួញមួយទៀតគេទម្លាប់ហៅថា៖ កូនតាសារ៉ន និងឈ្មួញ យាយញាប់នាំទំនិញ ពីអាមេរិក បារាំង ស្តុបនៅឃ្លាំងនៅវៀតណាម រួចរត់ការជាទំនិញវៀតណាមបង់ពន្ធទាប ហើយយាយញ៉ាប់នេះផងដែរ នាំចូលតាមច្រកបាវិតផង និងតាមច្រកត្រពាំងថ្លងផង ដោយយកទំនិញទាំងនោះមកស្តុបទុកនៅទីតាំងឃ្លាំងដ៏ធំនៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីបន្តដឹកចេញចែកចាយទៅកាន់រាជធានី-ខេត្ត។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេ ប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះ និងរឿងអំពើពុករលួយ ប្រាកដណាស់ថា មេខាងលើមិនព្រមទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណា ក្បាលអ្នកហ្នឹង) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។ ពាក់ព័ន្ធករណីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង យកលុយក្បាលឡាន អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោល ការណ៍ណែនាំលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា ។ សារព័តមានយើងពំុអាចធ្វើការទំនាក់ទំនងលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែងបាននោះទេ?

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com