0

លោក​ យុំា ​ប៉ូណា ​(ហៅចិន)​ អាង​ខ្លួន​ជាសមត្ថកិច្ចពាក់ស្បែកខ្លារត់ការដឹកឈើប្រណីតឥតញញើតច្បាប់

ខេត្តកំពង់ធំ​ ៖​ តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋនៅខេត្តកំពង់ធំបានប្រាប់ថាសកម្មភាព​ដឹកឈើ​ប្រណីត​បាន​ធ្វើ​ចរាចរណ៍​ដូច​គោ​ហ្វូង​ តែ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​មេព្រៃ​ ឬ​ស្ថាប័ន​ មាន​អំណាច​ ចាត់វិធានការ​ទប់ស្កាត់​នោះ​ទេ​ ជាក់ស្តែង​ចាប់តាំងពី​លោក​ ហ៊ុន​ អៀង​ នាយ​អធិកា​រដ្ឋបាល​ព្រៃឈើ​ ខាងជើង​បឹង​ទន្លេសាប​ មក​កាន់​អំណាច​ពុំដែល​ឃើញ​ចាប់​ឈើ​បាន​ សូ​ម្បី​តែ​មួយ​ដុំ​ ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​ថា​ លោកនាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ ខាងជើង​បឹង​ទន្លេសាប​ ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​ដឹង​បានជា​ពុំ​មាន​ ការ​បង្ក្រាប​ ។​

​ទិដ្ឋភាព​ការ​ដឹក​ជញ្ជូន​បទល្មើស​ឈើ​គ្រញូង​ ត្រូវ​បាន​ធ្វើ​សកម្មភាព​ ទាំង​យប់​ទាំង​ថ្ងៃ​ ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ ៥​ទៅ​ ១០​ឡាន​ តាម​រយៈ​រថយន្ត​បា​ឡែ​ន​ រថយន្ត​កូរ៉េ​ និង​រថយន្តក្រុង​ ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ មាន​លោក​អនុសេនីយ៍ឯក​ យ៉ាំ​ ប៉ូ​ណា​ (​ ហៅ​ចិន​ )​ ជា​សមត្ថកិច្ច​ខេត្តកំពង់ធំ​ និង​ត្រូវ​បាន​លោក​ មេ​ប្រគល់​តួនាទី​ឲ្យ​ខាង​រត់ការ​ឈើ​ប្រណីត​ ដែល​ឆ្លង​ កាត់​ខេត្តកំពង់ធំ​ ក្នុង​ភាគហ៊ុន​របស់​លោក​ ចិន​ ដែល​ត្រូវ​បាន​គេ​ដាក់​ហាស​នាម​ថា​ គាត់​រស់​ដោយសារ​រកស៊ី​ឈើ​ នោះ​មានឈ្មោះ​ លោក​ តឿ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អធិរាជ​ឈើ​គ្រញូង​ ប្រចាំ​ផ្លូវជាតិ​លេខ​៦​ កន្លង​មក​ ធ្លាប់​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ​ ហើយ​សមត្ថកិច្ច​ចាប់​បាន​ ក៏​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​បាញ់​ផ្អើល​ពេញ​ ក្រុង​ស្ទឹង​សែន​ ត្រឹមតែ​មួយ​ដង្ហើមចង្រិត​ ជាប់​ឃុំ​មួយ​យប់​រួច​ដោះ​លែង​វិញ​ដដែល​ ។​

​ចំណែក​លោក​អនុសេនីយ៍ឯក​ យ៉ាំ​ ប៉ូ​ណា​ (​ ហៅ​ចិន​ )​ បច្ចុប្បន្ន​ ពុំ​បាន​យក​តួនាទី​ទៅ​បំរើ​ប្រទេស​ជាតិ​នោះ​ទេ​ បែរ​ ជា​យក​ស្បែក​ជា​សមត្ថកិច្ច​មក​បំរើ​ការ​ឲ្យ​ឈ្មួញ​ឈើ​ឈ្មោះ​តឿ​ ហើយ​ពុំ​មាន​ខ្លាចញញើត​ពី​ច្បាប់​នោះ​ឡើយ​ ក្នុង​ នោះ​ដែរ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ សមត្ថកិច្ច​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ថ្នាំ​សណ្តំ​លោក​ (​ចិន​)​ មាន​សភាព​ស្ងប់ស្ងាត់​ គេង​អង្រឹង​ចាំ​ទទួល​លុយ​ ចំណែក​អ្នក​ដែល​ពុំ​បាន​ទទួល​លាភ​សក្ការៈ​ពី​លោក​ ចិន​ ក៏​មានការ​ក្តៅក្រហាយ​ ដោយសារ​ តែ​លោក​ចិន​ គិតគូរ​តែ​ថ្នាក់លើ​ ថា្ន​ក់​ក្រោម​មើល​រំលង​ ។​

​ចំណែក​លោក​ ហ៊ុន​ អៀង​ នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ ពុំ​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទេ​ តែបើ​ចង់​ជួប​លោក​ វា​ពិបាក​ជា​ជាង​ទៅ​សុំ​ភ្លើង​យ​ក្យ​ទៅ​ទៀត​ និង​ធ្វើ​ឲ្យ​មានការ​រិះគន់​ថា​ ឋានៈ​ត្រឹម​អ្នកកាសែត​ និង​ មន្ត្រីរាជការ​ កំប៉ិកកំប៉ុក​គ្មាន​វាសនា​នឹង​បាន​ចូល​ជួប​លោក​ទេ​ សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​មិន​ខ្ចី​លើក​ដែរ​ ទើប​បណ្តាល​ឲ្យ​ ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​ចរាចរណ៍​ឈើ​ដូច​គោ​ហ្វូង​ ។​

​ពាក់​ព័​ន្ឋ​ទៅ​នឹង​បញ្ហា​ចោទប្រកាន់​ថា​ លោក​អនុសេនីយ៍ឯក​ យ៉ាំ​ ប៉ូ​ណា​ (​ ហៅ​ចិន​ )​ ជា​សមត្ថកិច្ចរស់​ដោយ​ សារ​រកស៊ី​ឈើ​នេះ​ ពុំ​អាច​ទំនាក់ទំនង​បាន​ទេ​ ដូច្នេះ​មហាជន​បាន​សំណូមពរ​ទៅ​ថ្នាក់លើ​ ជួយ​ស៊ើបអង្កេត​លើ​ ករណី​សកម្មភាព​ និង​ទ​ង្វើ​របស់​លោក​ ចិន​ នា​ពេល​បច្ចុប្បន្ន​ផង​ ដើម្បី​កុំ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ទៀត​យក​គំរូ​តាម​ ៕

20121208_163752

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com